កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៥ នេះបានប្រារព្ធពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ដោយពិធីនេះធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ។

បន្ទាប់ពីការរាំរបាំ និងការសម្ដែងល្ខោនបាសាក់ រៀបចំដោយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ទិវាវប្បធម៌ជាតិ ជាទិវាមួយដ៏មានសារៈសំខាន់របស់ប្រជាជាតិកម្ពុជាយើង ក៏ជាឱកាសមួយដែលមានតម្លៃបំផុត ដើម្បីចូលរួមបំផុសនូវមនសិការស្រលាញ់សិល្បៈ វប្បធម៌ទំនៀមទម្លាប់ប្រពៃណី និងកេរ្ដិ៍ដំណែលដូនតាជាច្រើនទៀត ដែលជាដួងព្រលឹង និងអត្តសញ្ញាណជាតិ សម្រាប់ប្រជាជនខ្មែរគ្រប់រូប ក្នុងគោលបំណងធានាឱ្យបាននូវការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ប្រកបដោយចីរភាព និងបរិយាបន្ន ស្របតាមគោលនយោបាយជាតិស្ដីពីវិស័យវប្បធម៌ និងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ។

ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍បន្តថា ជាការពិតណាស់ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ ដល់ការលើកកម្ពស់តម្លៃចំពោះវប្បធម៌ អរិយធម៌ជាតិ ដ៏ឧត្តុងឧត្តមនេះ រាជរដ្ឋាភិបាលកម្ពុជាសម្រេចរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ក្នុងគោលបំណងជំរុញ លើកទឹកចិត្តប្រជាជនខ្មែរទូទាំងក្នុង និងក្រៅប្រទេស ជាពិសេសយុវជនបន្តវេនឱ្យចូលរួមកាន់តែសកម្មថែមទៀតក្នុងសកម្មភាពវប្បធម៌ ដោយបង្កើនការយល់ដឹងអំពីតម្លៃដ៏មហាសាល នៃសម្បត្តិវប្បធម៌ជាតិ ក្នុងន័យលើកកម្ពស់ស្មារតីមោទនភាពជាតិ មនសិការស្នេហាជាតិ ភាពជាម្ចាស់នៃកេរ្តិ៍ដំណែលនៃវប្បធម៌ជាតិ និងភាពជាប្រជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ៕

អត្ថបទ៖អាចារ្យលាក់

