វ៉ាស៊ីនតោន៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Mike Waltz បានសារភាពថា លោក ពិតជាបានច្រឡំ Add អ្នកកាសែត ចូលក្នុងគ្រុបឆាតក្នុងកម្មវិធី Signal ពិភាក្សាអំពីផែនការសង្រ្គាមនៅប្រទេសយេម៉ែន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Hindustan Times នាថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥។

លោក Mike Waltz ទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក បានប្រាប់អ្នករៀបចំកម្មវិធី Fox News ក្នុងបទសម្ភាសន៍ កាលពីថ្ងៃអង្គារ ថា «លោកនឹងទទួលខុសត្រូវចំពោះការធ្វេសប្រហែសនេះ។ លោក មិនបានស្គាល់លោក Jeffrey Goldberg ជានិពន្ធនាយកកាសែត The Atlantic Magazine ទេ»។


យ៉ាងណាម៉ិញ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបដិសេធការផ្ញើសារអំពីផែនការយោធាដ៏រសើប សម្រាប់ការវាយប្រហារតាមអាកាស ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហ៊ូធី (Houthis) ដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសយេម៉ែនក្នុងខែនេះ ដោយនិយាយថា «វាជាកំហុសតែមួយគត់ក្នុងរយៈពេល២ខែ នៃរដ្ឋបាលរបស់លោក វាមិនមែនជារឿងធ្ងន់ធ្ងរទេ» ខណៈសមាជិកសភាប្រជាធិបតេយ្យ បានរិះគន់រដ្ឋបាលលោក ត្រាំ ចំពោះការធ្វេសប្រហែស ធ្វើឱ្យបែកធ្លាយព័ត៌មានដ៏រសើបបំផុតរបស់ប្រទេស។




សូមជម្រាបថា គ្រុបឆាតនេះបានបង្កើតឡើងដើម្បីពិភាក្សាគ្នាលើព័ត៌មានលម្អិតប្រតិបត្តិការដូចជា ការកំណត់គោលដៅ អាវុធ និងពេលវេលានៃការវាយប្រហារជាដើម ហើយសមាជិកក្នុងគ្រុបនេះមានសុទ្ធតែថ្នាក់ដឹកនាំកំពូលៗរបស់អាមេរិក ដូចជា៖ អនុប្រធានាធិបតី JD Vance រដ្ឋមន្ត្រីការពារជាតិ Pete Hegseth រដ្ឋមន្ត្រីការបរទេស Marco Rubio នាយកស៊ើបការណ៍សម្ងាត់ជាតិ Tulsi Gabbard និងជំនួយការជាន់ខ្ពស់ Stephen Miller ផងដែរ។ Group នេះ គឺមានការពិភាក្សាគ្នាលើព័ត៌មានលម្អិតប្រតិបត្តិការដូចជាគោលដៅ អាវុធ និងពេលវេលានៃការវាយប្រហារជាដើម៕
ចុចអាន៖ សេតវិមានច្រឡំ Add អ្នកកាសែតចូលគ្រុបឆាត បែកធ្លា.យរឿងសម្ងាត់ស្ដីពីផែនការសង្រ្គា.មនៅយេម៉ែន

