មណ្ឌលគិរី ៖ ភ្លើងឆេះព្រៃរាលដាលដល់ចម្ការដំណាំរបស់ពលរដ្ឋ រងខូចខាត ប៉ះពាល់ដល់បរិស្ថាន បង្កឱ្យអ្នកភូមិច្រើនគ្រួសារព្រួយបារម្ភ អាជ្ញាធរ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ចេញទៅជួយអន្តរាគមន៍ កាលពីល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅភូមិចំការតែ សង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

តាមពលរដ្ឋបានឱ្យដឹងថា ភ្លើងឆេះព្រៃ មិនដឹងថាមានអ្នកដុត ឬផ្តើមចេញពីការបោះកន្ទុយបារីចោលប៉ះស្មៅ ទើបបង្កឱ្យឆាបឆេះរាល កាន់តែខ្លាំង ដល់ចម្ការដំណំរបស់ពលរដ្ឋ បង្កឱ្យប៉ះពាល់ខូចខាតភោគផលដំណាំ ផ្សែងហុយងងឹតមេឃ ពលរដ្ឋព្រួយបារម្ភពីសុវត្តិភាព ។

បន្ទាប់ពីភ្លើងឆាបឆេះកាន់តែរាលខ្លាំងឡើង ពលរដ្ឋ អាជ្ញាធរ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅជួយអន្តរាគមន៍ សហការពន្លត់ភ្លើង ។ ជាមួយគ្នាអាជ្ញាធរអំពាវនាវផងដែរដល់សាធារណៈជន បង្កើនការប្រុងប្រយ័ត្ន ការដុតរានសម្អាតដីចម្ការ ដុតភ្លើងយកឃ្មុំ បោះកន្ទុយបារីលើស្មៅ ស្របពេលដែលអាកាសធាតុកំពុងក្តៅស្តួតផងនោះ ជាបញ្ហាប្រឈមនឹងភ្លើងឆេះរាល ៕

អត្ថបទ៖ តាតុងសែនជ័យ

