ភ្នំពេញ ៖ រថយន្តសាំយ៉ុងមួយគ្រឿងដឹកស៊ុតមាន់ ព្យាយាមបើករត់គេចពីកម្លាំងសមត្ថកិច្ចជំនាញ សង្ស័យដេញតាមឃាត់តាំងពីភ្លើងស្តុបបាគូ រហូតដល់ផ្លូវ៣០ម៉ែត្រ ភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ ទើបឃាត់បាន ត្រួតពិនិត្យរកឃើញដឹកស៊ុតមាន់ ចំនួន២៥៣២០គ្រាប់ ដែលនាំចូលពីប្រទេសវៀតណាម គ្មានច្បាប់អនុញ្ញាតិ កាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។

រថយន្តមួយគ្រឿងខាងលើម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ខាងមុខ ភ្នំពេញ 2J-4787 ចំណែកខាងក្រោយ ពាក់ស្លាកលេខ តាកែវ 2C-7812 ។
តាមសមត្ថកិច្ចបានឱ្យដឹងថា រថយន្តមួយគ្រឿងខាងលើ ព្យាយាមបើករត់គេចពីក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ ត្រង់ចំណុចភ្លើងស្តុបបាគូ សង្កាត់ដង្កោ ឃាត់ហៅដើម្បីត្រួតពិនិត្យ បែជាបើករត់គេច សង្ស័យដេញតាមរហូតដល់ផ្លូវ៣០ម៉ែត្រ ភូមិប្រកា សង្កាត់ព្រៃស ទើបឃាត់បាន ត្រួតពិនិត្យរកឃើញស៊ុតមាន់ចំនួន ២៥៣២០គ្រាប់ នាំចូលពីប្រទេសវៀតណាមដោយគ្មានច្បាប់អនុញ្ញាតិ ។

តាមការសារភាពពីអ្នកបើកបររថយន្ត បានឱ្យដឹងថា ស៊ុតសត្វទាំងអស់នេះនាំចូលមកពីប្រទេសវៀតណាម តាមច្រកភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ដឹកយកមកលក់ចែកចាយបន្តនៅរាជធានីភ្នំពេញ គ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគ្មានវិញ្ញាបនបត្រអនាម័យសត្វពីប្រទេសនាំចេញឡើយ ។ បន្ទាប់ពីចាប់ឃាត់បាន ស៊ុតមាន់ខាងលើ ត្រូវបានយកទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

អត្ថបទ៖ តាតុងសែនជ័យ

