នារសៀលថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្ដម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខា បានឱ្យឯកឧត្ដម យុត ស្វីនីហេរញឹក គណៈកម្មាធិការសាខា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមប្រធាន ដឹកនាំក្រុមប្រតិបត្តិសាខា គណៈកម្មាធិការអនុសាខា និងមានការចូលរួមពីកាកបាទក្រហមឃុំគោករមៀត បាននាំអំណោយរបស់សាខា ទៅសួរសុខទុក្ខ គ្រួសាររងគ្រោះដោយ ខ្យល់កន្ត្រាក់កាលពីថ្ងៃទី១៦ ខែមីនា ចំនួន ១១គ្រួសារ នៅក្នុងឃុំចំនួន៣ នៃខេត្តបន្ទាយមានជ័យ។


ឃុំទាំង៣ ដែលមានគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់រួមមាន៖ ឃុំ គោករមៀត មាន ៥ភូមិ ស្មើ ៩គ្រួសារ , ឃុំ ថ្មពួក មាន ១ភូមិ ស្មើ ១គ្រួសារ និងឃុំ គោកកឋិន មាន ១ភូមិ ស្មើ ១គ្រួសារ។
នាឱកាសសាកសួរសុខទុក្ខ ឯកឧត្តម គណៈកម្មាធិការសាខា បានចូលរួមសោកស្តាយចំពោះគ្រួសារទាំង១១គ្រួសារដែលបានទទួលរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់នាពេលកន្លងទៅថ្មីៗនេះ។



ទន្ទឹមនោះ ឯកឧត្តមក៏មានការផ្តាំផ្ញើដល់បងប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នអោយបានខ្ពស់ពេលមេឃរកភ្លៀង កុំចេញទៅវាល និងកុំនៅក្រោមដើមឈើ ត្រូវស្វែងរកកន្លែងដែលមានសុវត្ថិភាព ជាពិសេស សូមបងប្អូនត្រូវចេះថែរក្សាសុខភាព ព្រោះធាតុអាកាសឥឡូវនេះ មានការឡើងកំដៅខ្លាំង និងសូមអោយបងប្អូនពិសារទឹកឱ្យបានច្រើន។
ចំពោះទីតាំងទទួលអំណោយស្ថិតនៅក្នុងភូមិ ផ្លូវបំបែក ឃុំគោករមៀត ស្រុកថ្មពួក ដោយក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករ២៥គីឡូក្រាម,មីជាតិ១កេស,ត្រីខ១យួរ,ទឹកត្រី១យួរ, មុង១,ភួយ១,សារុង១,ក្រមា១ ,និងថវិកា២ម៉ឺនរៀល , ចំណែកគ្រួសាររលំផ្ទះទាំងស្រុងទទួលបានតង់ប្លាស្ទីក១ផ្ទាំង និងថវិកាចំនួន២០ម៉ឺនរៀល៕
អត្ថបទ៖ កាកបាទក្រហមកម្ពុជា

