ចាប់ពីថ្ងៃទី​៤ ៥ និង៦ ខែ​មេសា ឆ្នាំ​២០២៥ ខាង​មុខ​នេះ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនឹងរៀបចំពិព័រណ៍ទេពកោសល្យ និងស្នាដៃនិស្សិតលើកទី៨ ដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និង បើកឱកាស​ដល់ និស្សិត ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន និងនិស្សិតទាំង៥មហាវិទ្យាល័យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បាន​បង្ហាញស្នាដៃ​របស់ខ្លួន ក៏ដូចជា​ផ្ដល់​ឱ្យមហាជនទូទៅបានឃើញនូវស្នាដៃផ្សេងៗដែល​មាន​ទាក់ទងជាមួយនឹងសិល្បៈខ្មែរគ្រប់ទម្រង់ផងដែរ។

ព្រឹត្តិការណ៍ ពិព័រណ៍ទេពកោសល្យ និងស្នាដៃនិស្សិតលើកទី៨ នេះរៀបចំ​ឡើង​នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មី (ជ្រោយចង្វារ) ដោយ​មានបញ្ចូលនូវកម្មវិធីកម្សាន្តសប្បាយជា​ច្រើន​ដូចជា ការលេងល្បែងប្រជាប្រិយខ្មែរ មានចោលឈូង លាក់​កន្សែង បោះអង្គញ់ ទាញព្រ័ត្រ និង ចាប់កូនខ្លែង  ការតាំង​បង្ហាញស្នាដៃនិស្សិត ពីមហាវិទ្យាល័យទាំង៥ មានស្ដង់បង្ហាញ​ផលិតផល​ម្ហូបអាហារ និង​ភេសជ្ជៈ ការសម្ដែង​នូវ​ផ្ទាំងទស្សនីយភាព​ បុរាណ ការ​ប្រគំតន្ត្រី​ពីនិស្សិត ផងដែរ។

តាម​ឯកសារស្រាវជ្រាវរបស់ លោក ព្រាប ច័ន្ទម៉ារ៉ា សាលារចនាខមរៈ​(ឬសាលាសិល្បៈខេមរៈ) ជាភាសារបារាំងហៅថា​ École des arts Cambodgiens ហើយដែលអ្នកផងទូទៅហៅថា (សាលារចនា) គឺបង្កើតឡើងតាមព្រះរាជក្រិត្យនៃព្រះករុណាព្រះបាទសម្តេចព្រះស៊ីសុវត្ថិ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩១៧ ដោយមានលោក George Groslier (១៨៨៧- ១៩៤៥) ដែលអភិបាលបារាំងប្រចាំឥណ្ឌូចិនបញ្ជូនមកឲ្យរៀបចំសាលានេះ។ សាលារចនាបិទទ្វារអាក់ខានតួនាទីបណ្តុះបណ្តាលធនធានមនុស្សនិងការងារផ្សព្វផ្សាយសិល្បៈវប្បធម៌ របស់ខ្លួនតែក្នុងសម័យខ្មែរក្រហមគ្រប់គ្រងស្រុក​រវាងឆ្នាំ១៩៧៥-១៩៧៩ ប៉ុណ្ណោះ។ បន្ទាប់ពីពេលនោះមក សាលារចនាក៌មានដង្ហើមរើបៗឡើងវិញបន្តជីវិតក្នុងទីតាំងខ្លួនដ៏រឹងមាំនិងបន្តកាតព្វកិច្ចដ៏មានខ្លឹមសារជាប្រវតិ្តសាស្រ្តសម្រាប់ជាតិខ្លួន៕

Share.