វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធ នេះថា លោកនឹងសុខចិត្តកាត់បន្ថយពន្ធលើទំនិញចិនបន្ដិចបន្ទួច ប្រសិនបើក្រុមហ៊ុនមេចិន ByteDance ព្រមព្រៀងលក់ប្រតិបត្តិការបណ្ដាញសង្គម TikTok នៅអាមេរិកដែលកំពុងមានអ្នកលេងកម្សាន្ដចំនួន ១៧០លាននាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា ឆ្នាំ២០២៥។

ក្រុមហ៊ុន ByteDance មានពេលរហូតដល់ថ្ងៃទី៥ ខែមេសា ដើម្បីលក់ប្រតិបត្តិការ TikTok ឱ្យបុគ្គលនៅអាមេរិក ដែលមិនមែនជាជនជាតិចិន ឬ ត្រូវប្រឈមនឹងការបិទមិនឱ្យដំណើរការនៅអាមេរិក ដោយសារបញ្ហាសន្ដិសុខជាតិ ដែលចូលជាធរមានកាលពីខែមករា ក្រោមច្បាប់ឆ្នាំ២០២៤។

លោក ត្រាំ បាននិយាយថា លោកអាចនឹងពន្យាពេលកំណត់ នៅខែមេសាខាងមុខ ប្រសិនបើកិច្ចព្រមព្រៀងកម្មវិធី TikTok មិនសម្រេចបានក៏ដោយ។ ប៉ុន្តែលោកបានកត់សម្គាល់ថា ការយល់ព្រមពីប្រទេសចិន នឹងចាំបាច់សម្រាប់កិច្ចព្រមព្រៀងណាមួយ ហើយបានស្នើថា លោកអាចផ្តល់នូវការកាត់បន្ថយពន្ធ ដើម្បីសម្រេចបានកិច្ចព្រមព្រៀងនេះ។
យ៉ាងណាម៉ិញ TikTok មិនបានបញ្ចេញសេចក្ដីថ្លែងការណ៍អ្វីទេ ជុំវិញបញ្ហានេះ។

កន្លងមក ការធ្វើឱ្យប្រទេសចិន យល់ព្រមលើកិច្ចព្រមព្រៀងណាមួយ ដើម្បីបោះបង់ការគ្រប់គ្រងកម្មវិធី TikTok ដែលមានតម្លៃរាប់សិបពាន់លានដុល្លារ តែងតែជាចំណុចជាប់គាំងដ៏ធំបំផុតក្នុងការទទួលបានកិច្ចព្រមព្រៀងនៅក្រោមរដ្ឋបាលរបស់លោក ត្រាំ។
នៅថ្ងៃស្បថចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក សម្រាប់អាណត្តិទី២ ម្ដងទៀត កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ លោក ដូណាល់ ត្រាំ បានព្រមានថា លោកអាចដាក់ពន្ធលើគ្រប់ទំនិញរបស់ប្រទេសចិន ប្រសិនបើទីក្រុងប៉េកាំងបរាជ័យក្នុងការអនុម័តលើកិច្ចព្រមព្រៀងលក់ប្រតិបត្តិការបណ្ដាញសង្គម TikTok នៅអាមេរិក។

យ៉ាងណាការអត្ថាធិប្បាយរបស់លោក ត្រាំ មានបង្កប់ន័យថា ការលក់កម្មវិធី TikTok គឺជាការអាទិភាពសំខាន់មួយសម្រាប់រដ្ឋបាលរបស់លោក និងមានសារៈសំខាន់គ្រប់គ្រាន់ក្នុងការប្រើប្រាស់ពន្ធគយជាអានុភាពក្នុងការចរចាជាមួយចិន ដែលរងការដាក់ពន្ធគ្រប់មុខទំនិញប្រមាណ ២០ភាគរយ ក្រោមគោលនយោបាយរបស់លោក៕

