ស្វាយរៀង ៖ ក្មេងទំនើង២នាក់ត្រូវបានតុលាកាខេត្តស្វាយរៀង សម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារខេត្ត កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ក្នុងបទកាន់ដាវចូលទៅអុកឡុកក្នុងរោងមង្គោលការ ភូមិត្រោក ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។


តាមសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ត្រូវបានតុលាកាចោទ ទី១ ឈ្មោះ អុិន ធិ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ ។ ទី២ ឈ្មោះ ពុត គង្គា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ រស់នៅភូមិចំបក់កោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ប្រភពបន្តទៀតថា ជនសង្ស័យទាំង២នាក់ កាលពីយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ បានទៅចូលរួមពិធីមង្គលការ នៅក្នុងភូមិខាងលើ ផឹករហូតស្រវឹង ពេលឡើងរាំគ្រាន់តែលើកដៃរាំប៉ះគ្នាសោះ បែជាបង្កជម្លោះសម្តីរករឿង យកកំប៉ុងស្រាគប់លើភ្ញៀវ មិនអស់ចិត្ត ចេញទៅយកដាវមកចូលរោងការរករឿង អុកឡុក ផ្អើលភ្ញៀវកំពុងរាំ នាំគ្នាព័ទ្ធចាប់ឃាត់ប្រគល់ឱ្យសមត្ថកិច្ច។


ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំយកទៅអធិការដ្ឋានស្រុក កសាងសំណុំរឿងបញ្ជួនទៅតុលាកាខេត្តស្វាយរៀង រហូតដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ត្រូវបានតុលាកាសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនជាបណ្តោះអាសន្ន នៅពន្ធនាគារខេត្ត៕
អត្ថបទ៖ តាតុងសែនជ័យ

