កោះកុង ៖ សាកសពមនុស្សម្នាក់ក្នុងសភាពហើមស្អុយមើលលែងយល់ញាត់ក្នុងវ៉ាលី ត្រូវបានប្រជាពលរដ្ឋប្រទះឃើញកប់ដី គ្រាដែលដើរចូលព្រៃរកបេះផ្លែគុយ ជាករណីឃាតកម្ម កាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ រាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ច លុះនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ទើបកម្លាំងសមត្ថកិច្ច ជំនាញចុះទៅពិនិត្យ ក្នុងវ៉ាលីនៅចំណុច បង្គោលគីឡូលេខ ៣៨ តាមបណ្តោយ ផ្លូវជាតិ លេខ ១០ ស្ថិតនៅភូមិ កោះប៉ោ ឃុំ ប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។


តាមសមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីបងប្អូនប្រជាពលរដ្ឋចំនួន៣នាក់ ដើរចូលព្រៃរកបេះផ្លែគុយ កាលពីល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ប្រទះឃើញសាកសពមនុស្សក្នុងវ៉ាលី នៅត្រង់ចំណុចខាងលើ ទើបនៅព្រេកថ្ងៃទី២៦ បន្ទាប់ កម្លាំងនគរបាលជំនាញស្នងការខេត្ត ស្រុកមណ្ឌលសីមា កម្លាំងអាវុធហត្ថ ចុះទៅស្វែងរកទីតាំងដែលពលរដ្ឋផ្តល់ឱ្យ ឃើញវ៉ាលីកប់ដី ពិនិត្យជាក់ស្តែង សាកសពមនុស្ស ក្នុងសភាពហើមស្អុយ មិនស្គាល់អត្តសញ្ញាណ ។

យោងតាមការពិនិត្យកោសល្យវិច័យពីសមត្ថកិច្ចជំនាញសន្និដ្ឋានថា ជាករណីឃាតកម្ម សពស្លាប់៥ថ្ងៃមកហើយ ត្រូវបានជនដៃដល់ញាត់ក្នុងវ៉ាលី យកទៅកប់ដីចំណុចខាងលើ ។ ជុំវិញករណីខាងលើ សមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវស្វែងរកជនដៃដល់ ។

បើតាមប្រភពមួយផ្សេងទៀតបានឱ្យដឹងថា នេះជាករណីទី២ហើយ ដែលប្រទះឃើញសាកសពក្នុងវ៉ាលី កាលពីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ កន្លងមក ប្រទះឃើញសាកសពក្នុងវ៉ាលី បោះចោលតាមផ្លូវជាតិ៤៨ ក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ លុះនៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នេះ ប្រទះឃើញសាកសពក្នុងវ៉ាលី នៅតាម បណ្តោយ ផ្លូវជាតិ លេខ ១០ ស្ថិត នៅ ភូមិ កោះ ប៉ោ ឃុំ ប៉ាក់ ខ្ល ង ស្រុក មណ្ឌល សីមា ខេត្តកោះកុង ៕
អត្ថបទ៖ តាតុងសែនជ័យ

