យោងតាមសារព័ត៌មានបរទេសបានបង្ហើបថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ម៉ាឡេស៊ី និងវៀតណាម នៅពាក់កណ្ដាលខែមេសា នេះ ដែលជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក ក្នុងឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation Thailand នាថ្ងៃពុធ ទី២ ខែមេសា ឆ្នាំ២០២៥។

យោងតាមរបាយការណ៍ពីមន្រ្តីជាន់ខ្ពស់ចិន បានសង្កត់ធ្ងន់លើតួនាទីរបស់ចិនថាជា អ្នករក្សាស្ថិរភាពក្នុងតំបន់នៅពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្លាស់ប្ដូរភាពជាដៃគូជាមួយបណ្ដាប្រទេសមួយចំនួន។

ដោយឡែកដំណើរទស្សនកិច្ចនៅកម្ពុជា ធ្វើឡើងបន្ទាប់ពីការពង្រីកមូលដ្ឋានទ័ពជើងទឹករាម ដែលចិនបានគាំទ្រ ខណៈសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រំពឹងថានឹងសម្ពោធមូលដ្ឋានទ័ពនៅថ្ងៃទី២ ខែមេសា ខាងមុខនេះ។

ទាក់ទិននឹងបញ្ហានេះ សហរដ្ឋអាមេរិក បានបង្ហាញក្ដីបារម្ភថា មូលដ្ឋានទ័ពនេះ អាចក្លាយជាមូលដ្ឋានដំបូងរបស់ចិនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ប៉ុន្ដែទោះជាយ៉ាងណា ចិនបានបដិសេធការអះអាងទាំងនេះ។

សូមជម្រាបថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងស្របពេលដែលចិនបាននឹងកំពុងស្វែងរកការពង្រឹងទំនាក់ទំនងជាមួយបណ្ដាប្រទេសអាស៊ាន ចំពេលមានភាពតានតឹងផ្នែកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ខណៈប្រទេសវៀតណាម និងម៉ាឡេស៊ី ស្ថិតក្នុងចំណោមប្រទេសដែលប្រឈមនឹងហានិភ័យជុំវិញពន្ធគយ៕

