សេដ្ឋកិច្ចពាណិជ្ជកម្ម៖ ដើម្បីបញ្ជៀបសារជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យកាន់តែយល់ច្បាស់ពីការប្រឆាំងព័ត៌មានក្លែងក្លាយនៅក្នុងប្រទេស សមាគមទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្មកម្ពុជា បានចូលរួមផ្សព្វផ្សាយតាមរយៈផ្ទាំងប៉ាណូធំៗពីយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ។

សកម្មភាពចូលរួមយ៉ាងផុសផុលនេះឃើញមាននៅ ថ្ងៃទី៣ ខែមេសា ២០២៥ ដោយមានសមាជិកក្រុមហ៊ុនផ្តល់សេវាផ្សព្វផ្សាយតាមអាល់ហ្វីស និងប៉ាណូចំនួន ១៧ ក្រុមហ៊ុន បានចូលរួមយ៉ាងគគ្រឹកគគ្រេងជាមួយក្រសួងព័ត៌មាន។ តាមរយៈការប្រើប្រាស់ផ្ទាំងប៉ាណូ LED នៅទីតាំងសំខាន់ៗក្នុងរាជធានីភ្នំពេញ និងតាមខេត្តផ្សេងៗ សមាគមនេះនឹងជួយផ្សព្វផ្សាយសារអប់រំសាធារណៈ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីហានិភ័យព័ត៌មានមិនពិត និងការប្រើប្រាស់បណ្តាញសង្គមដោយទទួលខុសត្រូវ។
ដោយក្នុងនោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងអំណរគុណចំពោះការចូលរួមរបស់សមាគម ដោយសង្កត់ធ្ងន់ថា៖ «ការរួមចំណែកពីវិស័យឯកជនមានសារៈសំខាន់ណាស់ក្នុងការបំភ្លឺសាធារណជន ជាពិសេសអំពីផលប៉ះពាល់ព័ត៌មានក្លែងក្លាយ វិធីការពារខ្លួន និងការរារាំងការរីករាយរបស់វា។»


ដោយឡែក យុទ្ធនាការនេះ ដែលចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី១ ខែមេសា ២០២៥ មានគោលបំណងកាត់បន្ថយព័ត៌មានមិនពិតនៅក្នុងចរិតសង្គមកម្ពុជា និងធានាសន្តិសុខព័ត៌មានដល់ប្រជាពលរដ្ឋ។ យុទ្ធនាការនេះនឹងដំណើរការរយៈពេល១២ខែ ពោលគឺពីមេសា ២០២៥ ដល់មីនា ២០២៦ ដោយមានការចូលរួមពីមន្ទីរព័ត៌មានរាជធានី-ខេត្ត និងដៃគូពាក់ព័ន្ធផ្សេងៗ។ សកម្មភាពនេះស្ថិតនៅក្រោមយុទ្ធសាស្ត្រជាតិដើម្បីលើកស្ទួយគុណភាពព័ត៌មាន និងការពារប្រជាពលរដ្ឋពីឥទ្ធិពលអវិជ្ជមានរបស់ព័ត៌មានក្លែងក្លាយ៕







