អន្តរជាតិ៖ តាមការចេញផ្សាយរបស់សារព័ត៌មាន BBC Thai នាពេលថ្មីៗនេះ បានលើកឡើងថា ជាការពិត បន្ទាប់ពីគ្រោះរញ្ជួយដីបាក់អាគារកម្ពស់ ៣០ ជាន់ នេះគឺជា «គ្រោះរញ្ជួយ​ដីលើវិស័យ​សេដ្ឋកិច្ច» នៅប្រទេសថៃ ដែល​បង្ក​ឡើង​ដោយ​វិធានដំឡើង​ពន្ធគយ​របស់​លោក ដូណាល់ ត្រាំ បាន​ជះផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច​ប្រទេស​ថៃ​មិនឱ្យក្រោករួចពីគ្រោះធម្មជាតិ។

នៅក្នុងការប៉ាន់ប្រមាណវាយតម្លៃដំបូងពីអ្នកជំនាញសេដ្ឋកិច្ចគឺ បណ្ឌិត Piyasak Manasant ជាប្រធានអ្នកស្រាវជ្រាវសេដ្ឋកិច្ចនៅស្ថាប័ន InnovestX Securities បានគូសបញ្ជាក់ថា ប្រទេសថៃមានផលិតផលសំខាន់ៗចំនួន ៥ប្រភេទដែលបាននាំចេញទៅទីផ្សារសហរដ្ឋអាមេរិក នឹងមានការប្រឈមហានិភ័យខ្ពស់រងគ្រោះពីផលប៉ះពាល់។

ដោយផ្អែកលើទិន្នន័យពីក្រុមប្រឹក្សាអ្នកដឹកជញ្ជូនជាតិថៃ ឬហៅកាត់ថា TNSC អ្នកជំនាញសេដ្ឋកិច្ចដដែលនេះបានមើលឃើញថា ផលិតផលកំពូលៗទាំង ៥ ប្រភេទដែលប្រទេសថៃបាននាំចេញទៅកាន់សហរដ្ឋអាមេរិកយ៉ាងគគ្រឹកគគ្រេងនៅក្នុងឆ្នាំ ២០២៤ រួមមាន៖

១-គ្រឿងបរិក្ខារកុំព្យូទ័រ និងសមាសធាតុផ្សំ រួមមាន ២៤.៩% ដែលមានតម្លៃប្រមាណជាង ១០ ពាន់លានដុល្លារអាមេរិក។

២-គ្រឿងម៉ាស៊ីនទូរសារ ទូរសព្ទ បរិក្ខារ និងគ្រឿងបន្លាស់ ប្រមាណ ១១% ដែលមានតម្លៃជាង ៤ពាន់លានដុល្លារអាមេរិក។

៣-ផលិតផលកៅស៊ូ ១១.៦% ដែលមានតម្លៃជាង ៤ពាន់លានដុល្លារអាមេរិក។

៤-បន្ទះឈីបសៀកគ្វី, ត្រង់ស៊ីស្ទ័រ និង ឌីយ៉ូត ទំហំប្រមាណ ៥.៨% ដែលមានតម្លៃជាង ២ ពាន់លានដុល្លារ។

៥-រថយន្ត និងគ្រឿងបន្លាស់ ដែលមានតម្លៃប្រមាណជិត ២ពាន់លានដុល្លារអាមេរិក។

ថ្វីត្បិតថាផលិតផលទាំង ៥ ប្រភេទខាងលើនេះដែលរងផលប៉ះពាល់ខ្លាំងជាងគេក៏ពិតមែន ប៉ុន្តែក៏មានបណ្ដាផលិតផលផ្សេងៗមួយចំនួនដែលប្រមូលផ្តុំនៅក្នុងចង្កោមក្រុមផលិតផលឧស្សាហកម្ម នោះក៏រងផលប៉ះពាល់ដូចគ្នា។ ក្រៅពីនោះ ក៏នៅមានផលិតផលលើវិស័យកសិកម្មដែលរងផលប៉ះពាល់ផងដែរ ដោយប្រទេសថៃបាននាំចេញផលិតផលរបស់ខ្លួនទៅអាមេរិកមានចំនួនច្រើន។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានបញ្ជាក់បន្ថែមថា ជា​មធ្យម ថៃ​គិត​ពន្ធ​នាំ​ចូល​លើ​ផលិតផល​អាមេរិក​ក្នុង​រង្វង់ ៨%។ ​ពន្ធ​នាំ​ចូល​កសិផល​របស់​សហរដ្ឋ​អាមេរិក​ចូលក្នុងទីផ្សារ​ប្រទេស​ថៃគិតជា​មធ្យម​ភាគខ្ពស់​បំផុតរហូត​ដល់ ៤២% ប៉ុន្តែ​អត្រា​ពិត​ប្រាកដអាច​ប្រែប្រួលទៅបានវា​អាស្រ័យ​លើ​ប្រភេទ​ផលិតផលផងដែរ។

ជាមួយគ្នានោះ អ្នកជំនាញសេដ្ឋកិច្ច បានពន្យល់បន្ថែមថា ប្រទេសថៃបានយកពន្ធស្រូវសាលីពីសហរដ្ឋអាមេរិក ២៧% ពន្ធផលិតផលទឹកដោះគោ ៤០% និងពន្ធពោតក្រហមសម្រាប់ធ្វើចំណីសត្វ ២៦០% និងពន្ធរថយន្ត ៨០% ពីសហរដ្ឋអាមេរិក។ ដោយកត្តានេះបានជំរុញឱ្យក្រុមហ៊ុនអាមេរិកមកវិនិយោគទុននៅប្រទេសថៃ។ ដូច្នោះ គោលការណ៍​របស់ ត្រាំ ប្រហែលជាចង់បានអ្នកវិនិយោគរបស់ពួកគេ ស្ពាយបង្វិតវិលទៅអាមេរិកវិញក៏ថាបាន៕

Share.