កៀវ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោកស្រី Yuliia Svyrydenko បានប្រាប់សារព័ត៌មាន The Associated Press ថា អ៊ុយក្រែននឹងបញ្ជូនក្រុមប្រិតភូទៅទីក្រុងវ៉ាស៊ីនតោន នៅសប្តាហ៍នេះ ដើម្បីចាប់ផ្តើមការចរចាលើកិច្ចព្រមព្រៀងថ្មីមួយ ដែលនឹងផ្តល់ឱ្យសហរដ្ឋអាមេរិក ទទួលបានធនធានរ៉ែដ៏មានតម្លៃរបស់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AP News នាថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥។

លោកស្រី Svyrydenko បាននិយាយកាលពីថ្ងៃសៅរ៍ សប្ដាហ៍មុននេះថា «គណៈប្រតិភូដែលចូលរួមកិច្ចពិភាក្សាលើកិច្ចព្រមព្រៀងរ៉ែនៅអាមេរិក រួមមានតំណាងមកពីក្រសួងសេដ្ឋកិច្ច ក្រសួងការបរទេស ក្រសួងយុត្តិធម៌ និងហិរញ្ញវត្ថុរបស់ប្រទេសអ៊ុយក្រែន»។


លោកស្រី បន្ដថា សំណើថ្មីរបស់សហរដ្ឋអាមេរិកបានរួមបញ្ចូលផែនការសម្រាប់មូលនិធិ ឬការវិនិយោគរួមគ្នារវាងប្រទេសទាំង២។
គួរបញ្ចាក់ថា ការចរចាពីមុន បានធ្វើឱ្យទំនាក់ទំនងរវាងទីក្រុងកៀវ និងទីក្រុងវ៉ាស៊ីនតោនភាពតានតឹងរួចមកហើយកាលពីខែកុម្ភៈ បន្ទាប់ពីកិច្ចប្រជុំដ៏ចម្រូងចម្រាសរវាងមេដឹកនាំនៃប្រទេសទាំង២ ធ្វើឱ្យសេចក្តីព្រាងដំបូងនៃកិច្ចព្រមព្រៀងមិនទាន់បានចុះហត្ថលេខា។

យ៉ាងណាម៉ិញ បន្ទាប់ពីសមាជិកសភាអ៊ុយក្រែនបានធ្វើឱ្យបែកធ្លាយសេចក្ដីព្រាងច្បាប់ថ្មីនេះ ក្រុមអ្នករិះគន់ បានសម្ដែងការព្រួយបារម្ភថា សេចក្តីព្រាងកាលពីមុន អាចរារាំងអ៊ុយក្រែនមិនឱ្យគ្រប់គ្រងលើធនធានធម្មជាតិរបស់ខ្លួន មិនតែរ៉ែកម្រប៉ុណ្ណោះទេ ប៉ុន្តែក៏មានឧស្ម័ន និងប្រេងផងដែរ។

សូមជម្រាបថា រ៉ែកម្រសំខាន់ៗរបស់អ៊ុយក្រែន មានច្រើនជាង ២០ប្រភេទ ដូចជា ទីតានីញ៉ូម លីចូម និងអ៊ុយរ៉ាញ៉ូម ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ឧស្សាហកម្មអាមេរិកដូចជា លំហអាកាស និងថាមពលនុយក្លេអ៊ែរ៕

