តារាសម្ដែងក្បាច់គុនដ៏ល្បីល្បាញជាប្រវត្តិសាស្ត្រ លី សៀវឡុង ឬ Bruce Lee គឺជាបុគ្គលមួយរូបដែលមានភាពជឿជាក់ខ្លាំងលើសមត្ថភាពនិងជំនាញក្បាច់គុនកុងហ្វូរបស់ខ្លួន ប៉ុន្តែយោងតាមគេហទំព័រ screenrant តារារូបនេះបានទទួលស្គាល់ថាមានមនុស្សម្នាក់ដែលលោកដឹងថាលោកមិនអាចយកឈ្នះបានឡើយ ដោយបុរសម្នាក់នោះគឺ អ្នកប្រដាល់ Muhammad Ali។ តើមកពីមូលហេតុអ្វីទៅទើប លី សៀវឡុង ពោលពាក្យដូច្នេះ?

ថ្វីត្បិតមិនធ្លាប់ជួបនិងសាកល្បងថ្វីដៃគ្នាក៏ពិតមែនប៉ុន្តែ លី សៀវឡុង ហ៊ានពោលពាក្យថាលោកមិនអាចវាយយកឈ្នះស្ដេចប្រដាល់លំដាប់ពិភពលោក Muhammad Ali បាននោះឡើយ ទោះជាលោកមានភាពជឿជាក់លើជំនាញក្បាច់គុនដែលលោកប្រឹងប្រែងហ្វឹកហាត់រាប់សិបឆ្នាំមកហើយក្ដី។
ក្នុងនាមជាអ្នកជំនាញក្បាច់គុន Wing Chun និងជាស្ថាបនិកក្បាច់គុន Jeet Kune Do លី សៀវឡុង ត្រូវបានមហាជនទទួលស្គាល់និងចាត់ទុកថាលោកគឺជាគ្រូក្បាច់គុនកុងហ្វូនៅ Hollywood មុនពេលដែលលោកក្លាយជាតារាសម្ដែង បន្ថែមលើសពីនោះ មានតារាល្បីលំដាប់ហូលីវូដសុំរៀនក្បាច់គុនពីលោកជាច្រើនដូចជា Steve McQueen និង James Coburn ដែលបានហ្វឹកហាត់ក្បាច់គុន Jeet Kune Do បន្តពីលោកផងដែរ។
លី សៀវឡុងធ្លាប់បានបង្ហាញសមត្ថភាពក្នុងវីដេអូឯកសារវាយតប់ជាច្រើនប៉ុន្តែជាលទ្ធផលលោកមិនដែលធ្លាប់ពិសោធន៍ពាក្យថាចាញ់ម្ដងណានោះឡើយ ប៉ុន្តែសមីខ្លួន Bruce Lee ខ្លួនឯងបែរជាសារភាពថាលោកច្បាស់ជាចាញ់ស្ដេចប្រដាល់ Muhammad Ali នេះបើយោងតាមការប្រាប់ពីអ្នកដឹកនាំរឿង «Enter the Dragon» លោក Robert Clouse។

លី សៀវឡុង អាចជាមនុស្សដែលមានសមត្ថភាពពូកែអាចប្រកួតប្រជែងវ៉ៃគ្នាជាមួយនឹងមនុស្សដែលធំជាងខ្លាំងជាងលោក ប៉ុន្តែអាលីស្ថិតនៅក្នុងថ្នាក់មួយខុសគ្នា ព្រោះអាលីសាងបានកេរ្តិ៍ឈ្មោះល្បីព្រោះតែលោកមានកម្លាំងខ្លាំងនិងមានល្បឿនលភន ដូច្នេះហើយទោះជា លី សៀវឡុងរឹងមាំនិងមានល្បឿនលឿន ប៉ុន្តែសម្រាប់រូបខ្លួនដែលមានទម្ងន់ត្រឹម១៤៨ផោន (ជាង៦៧គីឡូ) កម្ពស់១ម៉ែត្រ៧២សង់ទីម៉ែត្រ ប្រាកដជារឿងមួយពិបាកក្នុងការទប់ទល់ជាមួយនឹងស្ដេចប្រដាល់ម្ចាស់ខ្សែក្រវ៉ាត់ទម្ងន់ធ្ងន់ពិភពលោក ហេតុនេះហើយនិយាយជារួមមក Muhammad Ali គឺជាបុរសដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រកីឡា។
អាស្រ័យដោយសេចក្ដីគោរពយ៉ាងលើសលប់ដែលនិមិត្តរូបកុងហ្វូរូបនេះមានចំពោះស្ដេចប្រដាល់ពិភពលោក ទោះជាអ្នកទាំងពីរមិនដែលជួបគ្នាក្ដីប៉ុន្តែ លី សៀវឡុង តែងតែតាមដាននិងសិក្សាយ៉ាងម៉ត់ចត់ពីវិធីវ៉ៃរបស់អាលីតាមរយៈទូរទស្សន៍។ លោកសិក្សាយ៉ាងស៊ីជម្រៅពីវិធីសំរុកចូលវាយរបស់អាលី ព្រោះលោកចង់ដឹងថាតើពេលកំពុងវ៉ៃនោះ ស្ដេចប្រដាល់ដែលជានិមិត្តរូបរបស់ខ្លួនកំពុងគិតពីអ្វី ហើយវិធីសាស្ត្រផ្លាស់ទីម្ដងៗ។ ការសិក្សាវិធីសាស្ត្រវាយរបស់អាលី ត្រូវបានលោកយកទៅផ្សំចូលក្នុងរបៀបវាយប្រហារគ្នាក្នុងភាពយន្តដែលលោកសម្ដែង ហើយលោកថែមទាំងបង្រៀនកូនសិស្សឱ្យធ្វើតាមលោកផងដែរ៕
ប្រភព៖ screenrant

