តៃប៉ិ៖ យោងតាមទីភ្នាក់ងារស្ទាប់ស្ទង់ភូមិសាស្រ្តសហរដ្ឋអាមេរិក (USGS) បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៥.០រ៊ិចទ័រ បានវាយប្រហារភាគឦសានកោះតៃវ៉ាន់ នាថ្ងៃពុធ នេះ ដោយបណ្ដាលឱ្យអគារនានារងការរំញ័រ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី៩ ខែមេសា ឆ្នាំ២០២៥។

ទីភ្នាក់ងារស្ទាប់ស្ទង់ភូមិសាស្រ្តសហរដ្ឋអាមេរិក (USGS) បានឱ្យដឹងថា គ្រោះរញ្ជួយដីនេះបានវាយប្រហារនៅជម្រៅជិត ៧០គីឡូម៉ែត្រ ក្នុងតំបន់ Yilan County ក្បែរទីក្រុងតៃប៉ិ។

អាជ្ញាពន្លត់អគ្គិភ័យក្នុងតំបន់ Yilan បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា មិនមានរបាយការណ៍អំពីការខូចខាត ឬអ្នករងរបួសនោះទេ។ សេវាកម្មរថភ្លើងល្បឿនលឿននានាមិនប៉ះពាល់ដល់ការរញ្ជួយដីទេ ប៉ុន្ដែក៏បានផ្អាកការធ្វើដំណើរតាមរថភ្លើងក្រោមដីបណ្ដោះអាសន្នផងដែរ។


សូមជម្រាបថា កាលពីខែមេសា ឆ្នាំ២០២៤ គ្រោះរញ្ជួយដីកម្រិត ៧.៤រ៉ិចទ័រ បានវាយប្រហារកោះនេះ ដែលក្រុមមន្រ្តីបានចាត់ទុកថាជា ការរញ្ជួយដីដ៏ខ្លាំងបំផុតក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះ៕

