ក្រុមមន្ត្រីបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារបាក់ដំបូលក្លឹបរាត្រីមួយកន្លែងក្នុងទីក្រុង Santo Domingo នៃសាធារណរដ្ឋដូមីនីក បានកើនឡើងដល់ ៩៨នាក់ហើយ ខណៈមនុស្ស ១៦០នាក់ទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Yahoo News នាថ្ងៃពុធ ទី៩ ខែមេសា ឆ្នាំ២០២៥។

អាជ្ញាធរបានឱ្យដឹងថា សោកនាដកម្មនៅក្នុងក្លឹបរាត្រីនេះ បានកើតឡើងកាលពីថ្ងៃអង្គារ (ម៉ោងក្នុងស្រុក) អំឡុងការសម្ដែងរបស់តារាចម្រៀងដ៏ល្បីឈ្មោះ រ៉ូប៊ី ប៉ឺរ៉េស (Ruby Perez) ដែលគេសន្មត់ថា មានអ្នកគាំទ្រចូលរួមប្រមាណជាង ៣០០នាក់។

នាយកមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៦០នាក់បានរងរបួស ខណៈក្រុមរុករក និងជួយសង្រ្គោះកំពុងខិតខំស្វែងរកអ្នកនៅរស់រានមានជីវិតពីក្នុងគំនរអគារបាក់បែកនៃក្លឹបរាត្រី ឈ្មោះ Jet Set។

ស្របពេលក្រុមអ្នកស្វែងរក និងជួយសង្រ្គោះកំពុងបន្ដស្វែងរកអ្នកនៅក្រោមគំនរអគារតារាចម្រៀង រ៉ូប៊ី ប៉ឺរ៉េស (Ruby Perez) និងកីឡាករវាយកូនបាលលំដាប់ពិភពលោក លោក អ័កតាវីអូ ដូតែល (Octavio Dotel) និងលោក តូនី ប្លានខូ (Tony Blanco) ព្រមទាំងអភិបាលខេត្ត ម៉ុនតេ គ្រីសស្ទី (Monte Cristi) គឺអ្នកស្រី ណែលស៊ី គ្រូស (Nelsy Crus) ក៏បានស្លាប់នៅក្នុងឧបទ្ទវហេតុនេះផងដែរ។

យ៉ាងណាម៉ិញ មកដល់ថ្ងៃពុធ នេះ គេនៅមិនទាន់ដឹងច្បាស់អំពីមូលហេតុនៃការបាក់រលំដំបូងអគារក្លឹបនេះនៅឡើយទេ​ ខណៈការស៊ើបអង្កេតកំពុងបន្ដ៕

ប្រភព៖ Yahoo News

Share.