វ៉ាស៊ីនតោន៖ កាលពីថ្ងៃពុធ សប្ដាហ៍នេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងពន្យាពេលយកពន្ធ និងកាត់បន្ថយពន្ធត្រឹម ១០% លើប្រទេសជាង ៧០ រយៈពេល ៩០ថ្ងៃ លើកលែងតែប្រទេសចិន យើងនឹងបន្ថែមអត្រាពន្ធដើមលើទំនិញចិនដល់ទៅ ១២៥%។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០២៥។

ការផ្លាស់ប្ដូរចិត្តរបស់លោក ត្រាំ បានកើតឡើងតិចជាង ២៤ម៉ោងបន្ទាប់ពីបានចុះហត្ថលេខាលើបញ្ជីពន្ធគយថ្មីរបស់សហរដ្ឋអាមេរិក។ ភាពចលាចលនេះបានលុបប្រាក់រាប់ពាន់លានដុល្លារពីទីផ្សារភាគហ៊ុន និងនាំទៅរកការកើនឡើងនៃភាពមិនច្បាស់លាស់នៅក្នុងទិន្នផលមូលបត្របំណុលរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដែលហាក់ដូចជាទាក់ទាញចំណាប់អារម្មណ៍របស់លោក ត្រាំ។

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីការប្រកាសផ្អាកពន្ធថ្មីរបស់លោកថា «ខ្ញុំបានឃើញថា កាលពីយប់ម៉ិញ មនុស្សមានការងឿងឆ្ងល់បន្ដិច»។ «ទីផ្សារមូលបត្របំណុលពេលនេះ គឺស្រស់ស្អាត»។

យោងតាមសម្រង់សម្ដីដើមរបស់លោក ត្រាំ បង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមបានឱ្យដឹងថា ៖ ដោយផ្អែកលើ ការខ្វះការគោរព ដែលប្រទេសចិនបានបង្ហាញចំពោះទីផ្សារពិភពលោក ខ្ញុំសូមប្រកាសបន្ថែមអត្រាពន្ធដើមលើទំនិញពីប្រទេសចិន ដោយសហរដ្ឋអាមេរិក ទៅដល់ ១២៥% ចាប់ពីពេលនេះតទៅ។ នៅពេលអនាគតខាងមុខ ខ្ញុំសង្ឃឹមថា ប្រទេសចិន នឹងដឹងថា យុគសម័យនៃការលួចលេបប្រយោជន៍ពីសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត មិនអាចបន្តបានទៀតទេ ហើយក៏មិនអាចទទួលយកបានទៀតដែរ។ ផ្ទុយទៅវិញ ដោយផ្អែកលើការពិតថា មានប្រទេសជាង ៧៥ប្រទេស បានទាក់ទងតំណាងរបស់សហរដ្ឋអាមេរិក រួមទាំងក្រសួងពាណិជ្ជកម្ម ក្រសួងហិរញ្ញវត្ថុ និងតំណាងពាណិជ្ជកម្មអាមេរិក ដើម្បីចរចារសម្រាប់ដោះស្រាយប្រធានបទផ្សេងៗទាក់ទងនឹង ពាណិជ្ជកម្ម អត្រាពន្ធដើម ច្បាប់របាំងពាណិជ្ជកម្ម ការកែប្រែអត្រាប្ដូរប្រាក់ និងពន្ធដើមមិនមែនសាច់ប្រាក់ ខ្ញុំសូមប្រកាសផ្តល់ «ការពន្យារពេល ៩០ថ្ងៃ» និងកាត់បន្ថយអត្រាពន្ធស្មើភាពទៅគ្រាន់តែ ១០% អំឡុងពេលនេះ ហើយចាប់អនុវត្តភ្លាមៗផងដែរ។ សូមអរគុណចំពោះការយកចិត្តទុកដាក់លើបញ្ហានេះ!

បើតាមរដ្ឋមន្រ្តីក្រសួងរតនាគារអាមេរិក លោក Scott Bessent បានអះអាងថា ការដកថយនេះ គឺជាផែនការដើម្បីនាំប្រទេសនានា មកកាន់តុចរចា។ ប៉ុន្ដែលោក ត្រាំ បាននិយាយថា នឹងដំឡើងអត្រាពន្ធលើការនាំចូលទំនិញរបស់ចិនដល់ទៅ ១២៥% ក្រោយពេលចិនបានដំឡើងពន្ធវាយបកលើអាមេរិកវិញចំនួន ៨៤% ដែលការដំឡើងពន្ធដាក់គ្នាទៅវិញទៅមកនេះ កាន់តែធ្វើឱ្យបង្កើនការប្រឈមមុខដាក់គ្នារវាងប្រទេសមានសេដ្ឋកិច្ចធំជាងគេលើពិភពលោកទាំង២នេះ។

សូមជម្រាបថា ចាប់តាំងពីការវិលត្រឡប់មកកាន់សេតវិមានវិញក្នុងខែមករា ដើមឆ្នាំ២០២៥ នេះ លោក ត្រាំ បានគំរាមកំហែងម្តងហើយម្តងទៀតនូវវិធានការដាក់ទណ្ឌកម្មលើដៃគូពាណិជ្ជកម្ម។ វិធីសាស្រ្តម្តងបើកហើយម្តងបិទ បានធ្វើឱ្យមេដឹកនាំពិភពលោកមានការងឿងឆ្ងល់ ហើយបានធ្វើឱ្យពិបាកក្នុងការព្យាករណ៍ពីស្ថានភាពទីផ្សារ៕

ប្រភព៖ CNA

Share.