បើតាមស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ បញ្ជាក់ថា កម្លាំងនគរបាល ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានធ្វើសមយុទ្ធ លំហាត់របៀប ត្រៀមការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ក្នុងព្រឹត្តិការណ៍ សង្ក្រាន្តព្រៃវែង ឆ្នាំ២០២៥ នាពេលខាងមុខ ដឹកនាំដោយលោកវរសេនីយ៍ឯក អុិត ហាន ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។

កងកម្លាំងនគរបាលខេត្តព្រៃវែងទាំងអស់បានត្រៀមខ្លួនរួចជាស្រេចដើម្បី ការពារសន្តិសុខសណ្ដាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ដែលអញ្ជើញមកលេងកម្សាន្តក្នុងព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែងនាពេលខាងមុខដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តព្រៃវែង។

សមយុទ្ធខាងលើនេះធ្វើឡើងនៅបរិវេណ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដែលធ្វើដំណើរថ្មើរជើងកាត់តាមទីប្រជុំជនផ្សារក្រុងព្រៃវែង តាមបណ្ដោយផ្លូវភ្លោះមុខសាលាខេត្ត ស្ថិតក្នុងភូមិលេខ១ និង ភូមិ២ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ។

សូមជម្រាបថា ក្រៅពីកងកម្លាំងនរគបារលព្រៃវែងចូលរួមការសន្តិសុខ និងសណ្ដាប់ធ្នាប់ជូនថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋហើយនោះ នៅក្នុងព្រឹត្តិការណ៍សង្រ្កាន្តព្រៃវែង ២០២៥ អនុគណៈកម្មការសន្តិសុខ និងសណ្ដាប់ធ្នាប់ ស្នងការនគរបាលខេត្ត ក៏បានសហការជាមួយ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានរៀបចំប្រព័ន្ធកាំមេរ៉ាសុវត្ថិភាពតាមទីតាំងនីមួយៗក្នុងព្រឹត្តការណ៍សង្រ្កាន្ត។

គួររំលឹកថា ព្រឹត្តិការណ៍សង្រ្កាន្តព្រៃវែង ២០២៥ គឺធ្វើឡើងចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ដោយមានកម្មវិធីកម្សាន្តសប្បាយៗជាច្រើន ដូច្នោះសូមពុកម៉ែបងប្អូនប្រជាពលរដ្ អញ្ជើញចូលរួមទស្សនា និងមកលេងកម្សាន្តដោយរីករាយឱ្យបានច្រើនកុះករ៕

