ភ្នំពេញ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង មានប្រសាសន៍ថា លោកសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជា នឹងដឹកនាំវឌ្ឍនភាពក្នុងការកសាងសហគមន៍ចិន-កម្ពុជា ជាមួយនឹងអនាគតរួមគ្នា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua នាថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ឆ្នាំ២០២៥។

លោក ស៊ី បានធ្វើការកត់សម្គាល់នៅក្នុងអត្ថបទដែលបានចុះហត្ថលេខាដែលមានចំណងជើងថា «Together We Strive, Together We Thrive: Toward a Stable and Sustainable China-Cambodia Community with a Shared Future in the New Era» ដែលបានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់កម្ពុជា មុនពេលដែលលោកមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ។

ដោយកត់សំគាល់ថា សហគមន៍ចិន-កម្ពុជាដែលមានអនាគតរួមគ្នាត្រូវបានចាក់ឫសយ៉ាងជ្រៅនៅក្នុងកេរដំណែលប្រវត្តិសាស្ត្រនៃទំនាក់ទំនងអ្នកជិតខាងល្អនោះ លោក ស៊ី បាននិយាយថា ការផ្លាស់ប្តូរមិត្តភាពរបស់ប្រទេសទាំង២ មានរយៈពេល ២សហស្សវត្សរ៍នៃប្រវត្តិសាស្រ្តរួម ដោយសារភាពជាអ្នកជិតខាងភូមិសាស្ត្រ។

លោកប្រធានាធិបតីចិនរូបនេះ បានមានប្រសាសន៍ថា សហគមន៍ចិន-កម្ពុជាដែលមានអនាគតរួមគ្នាត្រូវបានកំណត់ដោយការប្តេជ្ញាចិត្តទៅវិញទៅមករបស់ប្រទេសទាំង២ ចំពោះមិត្តភាព និងសុច្ចរិតភាព ដោយលោកបានរំលឹកថា មិត្តភាពត្រូវបានបង្កើតឡើងដោយសម្តេចឪ នរោត្តម សីហនុ និងលោក ម៉ៅ សេទុង ដែលលោកទាំង២ គឺជាមេដឹកនាំប្រទេសចាស់វស្សាដ៏មានសក្ដានុពល។

លោក ស៊ី បានកត់សម្គាល់ថា សហគមន៍ចិន-កម្ពុជា ដែលមានអនាគតរួមគ្នា នឹងបានផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ លោក បន្ដថា អស់រយៈពេលជាច្រើនឆ្នាំមកនេះ ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជា និងជាប្រភពនៃការវិនិយោគដ៏ធំបំផុត ហើយកិច្ចសហប្រតិបត្តិការឧស្សាហកម្ម និងសង្វាក់ផ្គត់ផ្គង់រវាងប្រទេសទាំង២ បានបន្តកាន់តែស៊ីជម្រៅ។
លោក ស៊ី ក៏បានមានប្រសាសន៍ដែរថា សហគមន៍ចិន-កម្ពុជា ដែលមានអនាគតរួមគ្នាត្រូវបានបង្កើតឡើងដោយផ្អែកលើការរួមបញ្ចូល និងការរៀនសូត្រពីគ្នាទៅវិញទៅមក។

ក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ ប្រទេសចិន បានបញ្ជូនអ្នកជំនាញជាច្រើនរូបមកប្រទេសកម្ពុជា លើវិស័យផ្សេងៗគ្នា រួមមាន បុរាណវិទ្យា ការរុករកភូមិសាស្ត្រ បេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម និងសិល្បៈ។ លោកបានបន្ថែមថា ពួកគេបានជួយនាំមកនូវភាពរុងរឿងជាថ្មីដល់កេរដំណែលអង្គរ ដែលជាត្បូងពេជ្រនៃអរិយធម៌មនុស្សជាតិរបស់ប្រទេសកម្ពុជា។
សូមជម្រាបថា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង មកកាន់ប្រទេសចំនួន៣ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រោមគោលបំណងពង្រឹងទំនាក់ទំនងក្នុងតំបន់ចំពេលមានការគំរាមកំហែងផ្នែកសេដ្ឋកិច្ចពីគោលនយោបាយរបស់សហរដ្ឋអាមេរិកនាសប្ដាហ៍នេះ ក្នុងនោះក៏មានប្រទេសកម្ពុជាផងនោះ បានធ្វើឱ្យសហរដ្ឋអាមេរិក មានការខឹងសម្បារ នឹងចោទប្រកាន់ថា ដំណើរទស្សនកិច្ចរបស់លោក ស៊ី គឺដើម្បីស្វែងរកការកេងចំណេញលើសហរដ្ឋអាមេរិក៕

