ក្លិប​បាល់ទាត់​អង្គរថាយហ្គឺរ សមាជិក​លីគ​កំពូល​កម្ពុជា Cambodian Premier League ទទួល​បាន​​ដំណឹង​ល្អ​ពី​កីឡាករ​កូតា​អាស៊ាន ២រូប​របស់​ខ្លួន នៅ​អំឡុង​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ នោះ​គឺ​មាន​ម្នាក់​មាន​ឈ្មោះ​ត្រូវ​ប្រកួត​ទល់​ក្រុម​បីសាច​ក្រហម Manchester United និង​ម្នាក់​ទៀត​ឈ្នះ​ជើង​ឯក​លីគ​កំពូល​ក្នុង​ប្រទេស​របស់​ខ្លួន។

កីឡាករ ​Pocholo Bugas លើកពានលីគកំពូលហ្វីលីពីន

នៅ​ថ្ងៃ​ទី១៤ ខែ​មេសា ឆ្នាំ​២០២៥ ត្រូវ​នឹង​ថ្ងៃ​សង្រ្កាន្ត ចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ខ្មែរ ខ្សែ​ប្រយុទ្ធ ​Pocholo Bugas ជនជាតិ​ហ្វីលីពីន ដែល​ក្លិប​អង្គរថាយហ្គឺរ ដាក់​ឱ្យ​ក្លិប Kaya F.C.–Iloilo ឯ​ស្រុក​កំណើត​របស់​គេ​ខ្ចី​ជើង​នោះ បាន​គ្រង​ជើង​ឯក​លីគ​កំពូល​ហ្វីលីពីន ប្រចាំ​រដូវកាល​ ២០២៤-២៥។ ក្នុង​អាយុ​២៩​ឆ្នាំ​ក្លិប Kaya F.C.–Iloilo គ្រង​ជើង​ឯក​លីគ​កំពូល​ហ្វីលីពីន ៣រដូវកាល​ជាប់ៗគ្នា ក្នុង​នោះ​មាន​រដូវកាល​២០២២-២៣, ២០២៤ និង ២០២៤-២៥ ខណៈ​រដូវកាល​២០១៨, ២០១៩ និង​២០២០ បាន​ត្រឹម​ជើង​ឯក​រង។​

ក្រោយ​ចាកចេញ​ពី​លីគ​កំពូល​កម្ពុជា នៅ​ទីផ្សារ​ដោះដូរ​កីឡាករ​ជើង​ទី២ ទៅ​លីគ​ហ្វីលីពីន កីឡាករ Pocholo Bugas បង្ហាញ​ខ្លួន​លើ​ទីលាន​បាន​១១លើក សរុប​ចំនួន​៥៤០នាទី ព្រម​ទាំង​រក​គ្រាប់​បាល់​បាន​២គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ទាត់​បញ្ជូល​ទី​គូប្រកួត​បាន​៥លើក។

កីឡាករ João Pedro លេខ៨ របស់អង្គរថាយហ្គឺរ

ដោយ​ឡែក​នៅ​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០២៥ ត្រូវ​នឹង​ថ្ងៃ​ឡើងស័ក នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​សហព័ន្ធ​កីឡា​បាល់ទាត់​​ទីម័រខាងកើត បាន​ចេញ​សេចក្ដី​ប្រកាស​ថា​​ខ្សែ​ប្រយុទ្ធ João Pedro ដែល​កំពុង​ប្រកប​អាជីព​នៅ​ក្រុម​បាល់ទាត់​អង្គរថាយហ្គឺរ ក្នុង​លីគ​កំពូល​កម្ពុជា ត្រូវ​បាន​លោក​​គ្រូ​បង្វឹក Kim Sang-sik​ជនជាតិ​កូរ៉េខាងត្បូង របស់​ក្រុម​ជម្រើស​ជាតិ​វៀតណាម កោះហៅ​ចូល​ក្រុម ASEAN All-Stars។ ក្រុម ASEAN All-Stars នឹង​ត្រូវ​ប្រកួត​ទល់​ក្រុម​ Man Utd មក​ពី​លីគ​កំពូល​អង់គ្លេស នៅ​ថ្ងៃ​ទី​​២៨ ខែ​ឧសភា ឆ្នាំ​២០២៥ ខាង​មុខ លើ​ទីលាន​ពហុកីឡដ្ឋាន Bukit Jalil National Stadium ក្នុង​ទីក្រុង​កូឡាឡាំពួរ​ ប្រទេស​ម៉ាឡេស៊ី។

ក្រុមអង្គរថាយហ្គឺរ

ក្លិប​បាល់ទាត់​អង្គរថាយហ្គឺរ ដែល​មាន​លោក Akihiro Kato​ ជា​ប្រធាន មាន​មូលដ្ឋាន​នៅ​ខេត្ត​សៀមរាប ដោយ​បច្ចុប្បន្ន​​កំពុង​ប្រជែង​នៅ​តំបន់ Top6 នៃ​ពានរង្វាន់​លីគ​កំពូល​កម្ពុជា ទោះបី​ជា​អស់​ឱកាស​ប្រជែង​យក​ពាន​យ៉ាងណាក្ដី ខណៈ​នៅ​ក្នុង​ពានរង្វាន់​សម្តេច​តជោ ហ៊ុន សែន (Hun Sen Cup) ក្រុម​​មាន​អាយុ​១០​ឆ្នាំ​មួយ​នេះ​ធ្លាក់​ចេញ​ត្រឹម​វគ្គ​១៦ក្រុម​ចុងក្រោយ ក្រោម​ថ្វី​ដៃ​របស់ Tiffy Army FC៕

Share.