Life Style ៖ បន្ទាប់ពីថ្ងៃចូលអបអរ និងកម្សាន្តក្នុងថ្ងៃមហាសង្រ្កាន្តខ្មែររយៈពេល ​៣ថ្ងៃមកនេះ សារព័ត៌មានត្រយងជឿថា ប្រិយមិត្តភាគច្រើនបានចូលរួមលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ និងលេងទឹកនៅទីជិតឆ្ងាយយ៉ាងរីករាយ ដោយខ្លះបានយកចិត្តទុកដាក់ថែរក្សាស្បែក។ ថ្ងៃនេះយើងមកដឹងពីរបៀបថែរក្សាស្បែកឡើងវិញ ក្រោយថ្ងៃចូលឆ្នាំថ្មី៖

១. សម្អាតស្បែក

ប្រើផលិតផលសម្អាតស្បែក (cleanser) ដែលស័ក្ដសមនឹងប្រភេទស្បែករបស់អ្នកដើម្បីជម្រុះសំណល់ធូលី ផ្សែង ឬសារធាតុពុលផ្សេងៗពីលេងទឹក។ ចៀសវាងសាប៊ូដែលមានសាធាតុកាត់ខ្លាំងៗ ព្រោះវាអាចធ្វើឱ្យស្បែកស្ងួត ឬគ្មានសំណើម។

២. បន្ថែមសំណើមស្បែក

ប្រើ moisturizer ដែលមានសារធាតុបន្ថែមសំណើមដូចជា Aloe Vera, Hyaluronic Acid ឬ Vitamin E។ ប្រសិនបើស្បែករលាក ឬខ្លោចខ្លាំងអាចប្រើជែល Aloe Vera Gel បន្ថែម។

៣. ការពារការខូចស្បែកដោយថ្ងៃ

ទោះបីជាថ្ងៃសង្រ្កាន្តកន្លងទៅហើយក៏ដោយ ប៉ុន្តែស្បែកនៅតែប៉ះពាល់នឹងពន្លឹថ្ងៃ ត្រូវប្រើ sunscreen (SPF 30 ឡើងទៅ) ពេលនៅក្រៅផ្ទះ ឬកន្លែងមានពន្លឺខ្លាំង និងត្រូវពាក់មួក ឬខោអាវដៃវែង។

៤. បំប៉នវីតាមីនដល់ស្បែក

ប្រើ face mask ឬ sheet mask បិទស្បែកមុខ និងដងខ្លួន១–២ដងក្នុងមួយសប្ដាហ៍ ដើម្បីបន្ថែមសារធាតុចិញ្ចឹមដល់ស្បែក។ អាចប្រើម៉ាសឬសេរ៉ូមដែលមានវីតាមីនខ្ពស់ ឬក៏កូឡាជែន។

៥. ពិសាទឹកឱ្យច្រើន

កុំភ្លេចពិសាទឹក (ទឹកស្អាត ឬទឹកផ្លែឈើ ឬក៏ទឹកបន្លែ) ឱ្យបានច្រើនដើម្បីធ្វើឱ្យស្បែកមានសំណើមពីខាងក្នុង និងបណ្តេញសារធាតុពុលចេញពីរាងកាយ ដើម្បីឱ្យស្បែកភ្លឺថ្លា។

៦. ទទួលទានអាហារសម្បូរវីតាមីន

ត្រូវទទួលទានអាហារដែលសម្បូរវីតាមីន C, E ដែលមាននៅក្នុងបន្លែ ឬផ្លែឈើដូចជា ផ្លែក្រូច​ល្ហុង ត្របែក សណ្តែកបណ្តុះ​ ម្ទេសប្លោក ត្រសក់ស្រូវ គីវី និងស្ត្របឺរី ជាដើម ដើម្បី​ជួយស្បែកកាន់តែមានសុខភាពល្អ។ ចៀសវាងអាហារអំបិលខ្ពស់ ឬមានខ្លាញ់ច្រើន ដោយសារវាអាចធ្វើឱ្យស្បែកងាតខូចខាត។

Share.