ប្រជាជនចិនកំពុងអបអរសាទរទីក្រុងប៉េកាំង ជុំវិញសង្គ្រាមពាណិជ្ជកម្មប្រឆាំងនឹងក្រុងវ៉ាស៊ីនតោន ដោយនាំគ្នាសម្រុកទិញច្រាសដុសបង្គន់រូបលោក ដូណាល់ ត្រាំ ក្នុងគោលបំណងគាំទ្ររដ្ឋាភិបាលរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Daily Sun។

សន្ទុះនៃការចូលបញ្ជាទិញច្រាសដុសបង្គន់រូបលោក ត្រាំ មានត្រឹមតម្លៃ ២០យ័ន (ស្មើនឹង ២.៧៤ដុល្លារ) នៅក្នុង App Taobao កំពុងតែកើនឡើងគួរឱ្យកត់សម្គាល់។ ជាពិសេសទំនិញនេះ ក៏ទទួលបានការបញ្ជាទិញពីបណ្ដាប្រទេសនៅប៉ែកអឺរ៉ុបផងដែរ។

ការបង្កើតផលិតផលនានាដូចជា ក្រដាសអនាម័យ ប្រដាប់មួលគម្របស្រា ខោទ្រនាប ឬ ច្រាសដុសបង្គន់បែបសើចចំអកនេះ កើតឡើងចំពេលប្រជាជនចិនមិនពេញចិត្ត ចំពោះលោក ដូណាល់ ត្រាំ ដែលបានដំឡើងពន្ធទំនិញនាំចូលពីចិនរហូតដល់ ២៤៥ភាគរយ ក្រោមគោលនយោបាយរបស់លោក។




ទោះជាយ៉ាងណាក៏ដោយ ប្រទេសចិនមិនមែនជាប្រទេសដំបូង ដែលបង្កើតផលិតផលបែបសើចចំអកលើលោក ដូណាល់ ត្រាំ នោះទេ ដោយកាលពីខែវិច្ឆិកា ឆ្នាំមុន ផលិតផលស្រដៀងគ្នានេះ ត្រូវបានគេប្រទះឃើញមានលក់នៅប្រទេសនូវែលសេឡង់៕

