ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្រោមសម្ពាធពីទីក្រុងវ៉ាស៊ីនតោន ដើម្បីបង្ហាញឆន្ទៈបង្កើតសន្តិភាពក្នុងប្រទេសអ៊ុយក្រែន បានស្នើកាលពីថ្ងៃចន្ទ សប្ដាហ៍នេះ អំពីកិច្ចចរចាទ្វេភាគីជាមួយទីក្រុងកៀវ ជាលើកដំបូងក្នុងរយៈពេលជាច្រើនឆ្នាំ ហើយបាននិយាយថា លោកបើកចំហចំពោះបទឈប់បាញ់បន្ថែមទៀត បន្ទាប់ពីបទឈប់បាញ់ពិធីបុណ្យ Easter បានបញ្ចប់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥។

សេចក្ដីប្រកាសនេះកើតឡើងបន្ទាប់ពី លោក ពូទីន ថ្លែងទៅកាន់អ្នកយកព័ត៌មានទូរទស្សន៍រដ្ឋរុស្ស៊ី ដោយបានប្រកាសជាឯកតោភាគីថា ការប្រយុទ្ធគ្នាបានកើតឡើងវិញ បន្ទាប់ពីបទឈប់បាញ់ពិធីបុណ្យ Easter រយៈពេល ៣០ម៉ោង។

យ៉ាងណាម៉ិញ លោក ពូទីន បាននិយាយថា ទីក្រុងម៉ូស្គូបើកចិត្តស្វាគមន៍ជានិច្ចចំពោះរាល់គំនិតផ្ដួចផ្ដើមសន្ដិភាពណាមួយ ហើយរំពឹងថា ទីក្រុងកៀវក៏នឹងបើកចិត្តដូចគ្នាដែរ។

ទាក់ទិននឹងបញ្ហានេះប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវឱ្យមានការបន្ដបទឈប់បាញ់រយៈពេល ៣០ថ្ងៃលើគោលដៅជនស៊ីវិល ដោយនិយាយថា ការបន្ដវាយប្រហាររបស់រុស្ស៊ីអំឡុងបទឈប់បាញ់កាលពីថ្ងៃអាទិត្យ បានបង្ហាញថា ទីក្រុងម៉ូស្គូ មានចេតនាក្នុងការអូសបន្លាយសង្រ្គាម។

លោក ហ្សេលេនស្គី បានបញ្ជាក់ថា ក្រុងកៀវ កំពុងបញ្ជូនគណៈប្រតិភូទៅទីក្រុងឡុងដ៍ ដើម្បីជួបជាមួយសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀត នៅថ្ងៃពុធ នេះ។

កិច្ចពិភាក្សានៅទីក្រុងឡុងដ៍ គឺជាការតាមដានកិច្ចប្រជុំនៅទីក្រុងប៉ារីស កាលពីសប្តាហ៍មុន ដែលអាមេរិក និងអឺរ៉ុបបានពិភាក្សាអំពីវិធីដើម្បីបញ្ចប់សង្រ្គាមដែលអូសបន្លាយជាង ៣ឆ្នាំមកនេះ។

នៅក្នុងការអត្ថាធិប្បាយលើបណ្ដាញសង្គម X លោក ហ្សេលេនស្គី បានបង្ហោះថា «អ៊ុយក្រែន ចក្រភពអង់គ្លេស បារាំង និងសហរដ្ឋអាមេរិក-យើងត្រៀមខ្លួនជាស្រេចដើម្បីឆ្ពោះទៅមុខក្នុងន័យស្ថាបនាតាមដែលអាចធ្វើទៅបាន ដូចដែលយើងបានធ្វើពីកន្លងមក​ ដើម្បីសម្រេចបាននូវបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ អមដោយការបង្កើតសន្ដិភាពពិតប្រាកដ និងយូរអង្វែង ដោយបន្ថែមថា លោកមានការពិភាក្សាដ៏ល្អជាមួយនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោក Keir Starmer ផងដែរ៕

ប្រភព៖ CNA

Share.