សិល្បៈជាតិ៖ នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៥ នេះ ព្រឹត្តិការណ៍ផ្សព្វផ្សាយភាពយន្តហុងកុង «HONG KONG FILM GALA PRESENTATION» ត្រូវបានប្រារព្ធពិធីបើកជាផ្លូវការដែលរៀបចំឡើងនៅ The Factory Urban Village ក្រោមកិច្ចសហការដោយ ក្រុមហ៊ុន Westec Media និងការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មហុងកុង។ 

ព្រឹត្តិការណ៍ផ្សព្វផ្សាយភាពយន្តហុងកុងនៅកម្ពុជាមួយនេះ ក៏មានការអញ្ជើញចូលរួមក្រោមអធិបតីភាពវត្តមានឯកឧត្ដម សោម សុគន្ធ រដ្ឋលេខាធិការតំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា  រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី Ji Li កុងស៊ុលស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា លោក  Parson Lam នាយកការិយាល័យ សេដ្ឋកិច្ច និងពាណិជ្ជកម្មហុងកុង ព្រមទាំងផលិតករ តារាសម្តែងភាពយន្តហុងកុង និងកម្ពុជាជាច្រើនរូប។ 

យ៉ាងណាមិញ HONG KONG FILM GALA PRESENTATION AND FILMS EXHIBITION: CITY OF CINEMA ប្រចាំឆ្នាំ២០២៥ នេះ ធ្វើឡើងក្នុងគោលបំណងពង្រឹង និងពង្រីកចំណងរវាងវិស័យភាពយន្តកម្ពុជា និងហុងកុងឱ្យកាន់តែទូលំទូលាយ។ ក្នុងនោះមានភាពយន្តហុងកុងល្បីៗចំនួន ៦ ចំណងជើងត្រូវបានចាក់បញ្ចាំងលក់មានការលក់សំបុត្រដូចជា ៖ Blossoms Under Somewhere, Little Red Sweet , Stuntman , Рара, Mr. Vampire ,Inexternal នៅរោងភាពយន្ត Fable Cinema ដែលមាន​ទីតាំង​នៅ Factory Phnom Penh។

សូមជម្រាបថា ព្រឹត្តិការណ៍ផ្សព្វផ្សាយភាពយន្តហុងកុង «HONG KONG FILM GALA PRESENTATION» ចាប់ផ្តើមពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី២៧ ខែមេសា ដោយធ្វើការចាក់បញ្ចាំងភាពយន្តហុងកុងល្បីៗ ជូនមហាជនអ្នកគាំទ្របានទស្សនា៕

Share.