ភ្នំពេញ៖ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានអំពាវនាវសិស្ស-និស្សិត ដែលធ្លាប់ទទួលការបណ្ដុះបណ្ដាលពីលោក បរិច្ចាគថវិកាម្នាក់ ១ដុល្លារក្នុងមួយខែ ដើម្បីគាំទ្រ «មូលនិធិអប់រំកុមារ»។


«មូលនិធិអប់រំកុមារ» ត្រូវបានបង្កើតឡើងនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ ដោយប្រើថវិកាផ្ទាល់របស់លោកបណ្ឌិត និងការចូលរួមពីសប្បុរសជន ដើម្បីជួយកុមារដែលមានសេចក្តីស្រលាញ់ការសិក្សា ប៉ុន្តែប្រឈមនឹងការបោះបង់ការសិក្សា ដោយសារតែមិនមានលទ្ធភាពបន្តការសិក្សា។
លោកបណ្ឌិតបានបញ្ជាក់ថា គោលបំណងនៃមូលនិធិនេះ គឺជួយឲ្យកុមារអាចរៀនបានយ៉ាងហោចណាស់រហូតដល់ថ្នាក់ទី១២ ហើយព្យាយាមស្វែងរកអាហាររូបករណ៍បន្តសម្រាប់អ្នកដែលមានសេចក្តីស្រលាញ់ការសិក្សារៀនសូត្រក្រោយបញ្ចប់ថ្នាក់មធ្យមសិក្សា។
ក្នុងនាមជាសាស្ត្រាចារ្យមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យអប់រំ លោកបណ្ឌិតសូមអំពាវនាវដល់សិស្ស-និស្សិត និងសាធារណជន ចូលរួមបរិច្ចាគថវិកាម្នាក់១ដុល្លារក្នុងមួយខែ ដើម្បីគាំទ្របេសកកម្មជួយកុមារទាំងនេះ។
សម្រាប់អ្នកចង់ចូលរួមអាចទាក់ទងតាមលេខទូរស័ព្ទ និង CoolApp 078 699 299 ឬគណនី ABA: 007293177។




















