រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោលការណ៍​២ ពាក់ព័ន្ធ​នឹង វិធានការ​ហាមឃាត់​ការ​ផ្ដល់​រង្វាន់​តាម​រយៈ​ក្រវិល​កំប៉ុង​ឬ​គម្រប​នៃ​ផលិតផល គ្រឿង​ស្រវឹង​និង​ភេសជ្ជៈ ដោយ​ក្នុង​នោះ​គោលការណ៍​ទី ១ បាន​ចង្អុល​បង្ហាញ​ថា ក្នុង​ករណី​មាន​ការ​ហាមឃាត់​ចំពោះ​ការ​ផ្ដល់​រង្វាន់​តាម​រយៈ​ក្រវិល​កំប៉ុង​ឬ​គម្រប​នៃ​ផលិតផល គ្រឿង​ស្រវឹង​និង​ភេសជ្ជៈ​នោះ ត្រូវ​កំណត់​នូវ​រយៈ​ពេល​សមរម្យ​ណា​មួយ ដូច​ជា​៦​ខែ ឬ​១​ឆ្នាំ ដើម្បី​ឱ្យ ក្រុមហ៊ុន​ទាំង​នោះ​អាច​ត្រៀម​ខ្លួន​ជា​មុន​។

ចំណែក​ឯ​គោលការណ៍​ទី២ រាជរដ្ឋាភិបាល​តម្រូវ​ឲ្យ​ធ្វើ​ការ​រៀបចំ​កិច្ច​ប្រជុំ​រវាង​ម្ចាស់​ក្រុមហ៊ុន​ផលិត​ស្រា​បៀរ​និង​ភេសជ្ជៈ និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ក្រោម​អធិបតីភាព​របស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​បិទ​មិន​ឱ្យ​មាន​ការ​ផ្ដល់​រង្វាន់​ទាំង​អស់​ក្នុង​ពេល​វេលា​សមស្រប​។

នេះ​បើ​យោង​តាម​លិខិត​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដែល​ចុះ​កាល​បរិច្ឆេទ​ថ្ងៃ​ទី ២៤ ខែ​មេសា ឆ្នាំ ២០២៥ នេះ​។ ដូច្នេះ ប្រសិន​បើ​គោលការណ៍​ទាំង ២ ខាង​លើ​ត្រូវ​បាន​អនុវត្តន៍ នោះ​បានន័យ​ថា រង្វាន់​ជា​ភេសជ្ជៈ និង​គ្រឿង​ស្រវឹង ទឹក​ប្រាក់ ដុំមាស យានយន្ត និង​វត្ថុ​មាន​តម្លៃ​ផ្សេង ដែល​ក្រុមហ៊ុន​ភេសជ្ជៈ និង​គ្រឿង​ស្រវឹង​ដាក់​ទាក់ទាញ​អតិថិជន​នៅ​លើ​គម្រប​ដប និង​ក្រវិល​កំប៉ុង នឹង​លែង​មាន​បន្ត​ទៀត​ហើយ នា​ពេល​ខាង​មុខ​។

ការ​ដាក់​ចេញ​នូវ​គោលការណ៍​ណែនាំ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី ក្រុមហ៊ុន​ភេសជ្ជៈ និង​គ្រឿង​ស្រវឹង​ចំនួន​៥ ក្នុង​នោះ ក្រុមហ៊ុន Heineken ជា​អ្នក​ចេញ​មុខ​នាំអាទិ៍ និង​សមាគម​អ្នក​នាំចូល និង​ចែកចាយ​ស្រា​បៀរ​និង​ស្រា បាន​ដាក់​លិខិត​ស្នើសុំ​រាជរដ្ឋាភិបាល​ចាត់​វិធានការ​លើ​ការ​ធ្វើ​ទីផ្សារ​ដោយ​ការ​ផ្ដល់​រង្វាន់​តាម​រយៈ​គម្រប​ដប និង​ក្រវិល​កំប៉ុង​ក្នុង​ឧស្សាហកម្ម​ភេសជ្ជៈ និង​គ្រឿង​ស្រវឹង​កាល​ពី​ខែ​មីនា ឆ្នាំ ២០២៥ កន្លង​ទៅ​។

សូម​ជម្រាប​ថា កាល​ពី​អំឡុង​ខែ តុលា ឆ្នាំ ២០២៤ សមាគម​អ្នក​នាំចូល និង​ចែកចាយ​ស្រា​បៀរ​និង​ស្រា ដែល​មាន​សមាជិក​សុទ្ធ​តែ​ជា​យីហោ​មក​ពី​បរទេស បាន​បង្ហាញ​ជំហរ​របស់​ខ្លួន​ជា​សាធារណៈ មិន​គាំទ្រ​ការ​ប្រើប្រាស់​ការ​លើក​ទឹក​ចិត្ត​ជា​សាច់ប្រាក់ ឬ​រង្វាន់​ដែល​មាន​តម្លៃ​ខ្ពស់ ដើម្បី​ជំរុញ​ការ​លក់​គ្រឿង​ស្រវឹង​ឡើយ​។ សមាគម​មួយ​នេះ​យល់​ឃើញ​ថា ការ​អនុវត្ត​ការ​ផ្សព្វផ្សាយ​ដោយ​មាន​រង្វាន់​លើ​គម្រប និង​ក្រវិល​កំប៉ុង ឬ​ដប ជា​ទូទៅ​ត្រូវ​បាន​អនុវត្ត​ដោយ​ម៉ាក​ស្រា​បៀរ​ក្នុង​ស្រុក​មួយ​ចំនួន​។ វិធីសាស្រ្ត​នេះ​អាច​ជំរុញ​ទឹកចិត្ត​អតិថិជន​ឲ្យ​ឈាន​ដល់​ឥរិយាបថ​នៃ​ការ​ទិញ​របស់​ខ្លួន​ដោយ​ត្រេកត្រអាល ដែល​ផ្ទុយ​នឹង​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​លើក​កម្ពស់​ការ​ពិសា​គ្រឿង​ស្រវឹង​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​៕

អត្ថបទ៖ ឈិន ធារ៉ាត់

Share.