ការផ្ទុះ និងអគ្គីភ័យដ៏សម្បើមមួយបានកក្រើកកំពង់ផែ Shahid Rajaee នៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ ដែលត្រូវបានរាយការណ៍ថា អាចបណ្ដាលមកពីការផ្ទុះឆេះសារធាតុគីមីសម្រាប់ផលិតកាំជ្រួចមីស៊ីល ដែលស្ដុកទុកក្នុងទូរកុងតឺន័រ ដោយបណ្ដាលឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ២៥នាក់​ ខណៈមនុស្សប្រមាណ ៨០០នាក់ទៀតកំពុងរងរបួស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AP News នាថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥។

ការផ្ទុះនេះបានកើតឡើងនៅពេលដែលអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានជួបប្រជុំគ្នាកាលពីថ្ងៃសៅរ៍ក្នុងប្រទេសអូម៉ង់​ សម្រាប់កិច្ចចរចាជុំទី៣ ស្ដីពីកម្មវិធីនុយក្លេអ៊ែរអ៉ឺរ៉ង់ ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់ទីក្រុងតេហេរ៉ង់។ ប៉ុន្ដែមិនមានភស្តុតាងបញ្ជាក់ថា ព្រឹត្តិការណ៍ទាំង២ នេះ មានជាប់ពាក់ព័ន្ធគ្នានោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ សូម្បីតែរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi ដែលបានដឹកនាំកិច្ចពិភាក្សាកាលពីថ្ងៃពុធ បានទទួលស្គាល់ថា «សេវាសន្តិសុខរបស់យើងមានការប្រុងប្រយ័ត្នខ្ពស់ ដោយសារកន្លងមក មានករណីនៃការប៉ុនប៉ងបំផ្លិចបំផ្លាញ និងប្រតិបត្តិការធ្វើឃាត ដែលរៀបចំឡើង ដើម្បីបង្កឱ្យមានការឆ្លើយតបស្របច្បាប់»។

ទាក់ទិននឹងបញ្ហានេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានផ្តល់តួលេខអ្នកស្លាប់ ដោយនិយាយថា អាជ្ញាធរកំណត់អត្តសញ្ញាណអ្នកស្លាប់តែ ១០នាក់ប៉ុណ្ណោះក្នុងនោះមានស្ត្រី ២នាក់។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បន្ដថា កំពង់ផែខាងលើបាននឹងកំពុងដំណើរការជាធម្មតាវិញហើយ។

បើតាមអ្នកនាំពាក្យរដ្ឋាភិបាលអ៉ឺរ៉ង់ បាននិយាយថា ទោះជាការផ្ទុះឆេះសារធាតុគីមីត្រូវបានគេសង្ស័យជាមូលហេតុក៏ដោយ ក៏ខាងរដ្ឋាភិបាលតេហេរ៉ង់មិនទាន់អាចកំណត់ឱ្យច្បាស់ពីមូលហេតុនៅពីក្រោយការផ្ទុះដ៏សម្បើមនៅឯកំពង់ផែ Shahid Rajaee បាននៅឡើយទេ ស្របពេលការស៊ើបអង្កេតកំពុងធ្វើឡើង៕

ប្រភព៖ AP News

Share.