កំពង់ចាម៖ គ្រាប់បែកដៃមួយគ្រាប់ត្រូវបានគេគប់ចូលស្ថានីយលក់ប្រេងឥន្ធនៈ មួយកន្លែងស្ថិតនៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម នាយប់អធ្រាត្របង្កឲ្យមានការភ្ញាក់ផ្អើលតែសំណាងមិនមានអ្នកណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិត។ ជាមួយគ្នានោះកម្លាំងសមត្ថកិច្ចមូលដ្ឋាន នគរបាលក្រុងកំពង់ចាម ព្រមទាំងស្ថាប័នពាក់ព័ន្ធបានមកដល់កន្លែងកើតហេតុភ្លាមៗ ព្រមទាំងចុះហ៊ុព័ទ្ធកន្លែងកើតហេតុ និងពង្រឹងសន្តិសុខដល់អ្នកមើលការខុសត្រូវព្រមទាំងបើកប្រតិបត្តិការស្រាវជ្រាវតាមវែកមុខរកអ្នកគប់គ្រាប់បែកនោះ។



បើតាមសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង០១និង១៥នាទីរំលងអធ្រាត្រ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំបួរមាស បានទទួលពត៌មានពីអ្នកស្នាក់នៅកន្លែងកើតហេតុ ឈ្មោះ ឈុំ សារុនថា មានករណីផ្ទុះគ្រាប់ នៅស្ថានីយ៍លក់ប្រេងឥន្ធនៈសាវីមិច ដែលបិទរបងចោល ហើយភ្លាមៗនោះគេមិនបានកំណត់មុខអត្តសញ្ញាណជនដែលលួចគប់គ្រាប់បែកបានឡើយ ។
សមត្ថកិច្ចបានបបន្ថែមឲ្យដឹងទៀតថា ក្រោយស្រាវជ្រាវរហូតដល់ម៉ោង៨ព្រឹកថ្ងៃទី២៦មេសា ២០២៥ កម្លាំងសមត្ថកិច្ច បានប្រទះឃើញគ្រាប់បែកមួយគ្រាប់ទៀតនៅចំណុចខាងជើងការ៉ាសាំង ជិតបង្គោលភ្លើងចំងាយពីការាស់សាំង១០ម៉ត្រ មានចងបង្កៃជាប់នឹងឈើជ្រុងក្នុងគុម្ពដើមពុទ្រា។


ក្រោមកិច្ចសហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវយ៉ាងល្អិតល្អន់ឈានកំណត់អត្តសញ្ញាណជនសង្ស័យម្នាក់នឹងបានហៅ មកសួរនាំនៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម នាព្រឹកថ្ងៃទី២៦មេសា ជនសង្ស័យឈ្មោះឈុំ ដារ៉ែន ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាមមុខ របរអ្នកបើកឡានទឹកស្រោចថ្នល់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើ បោកគ្រាប់បែកមួយគ្រាប់ចូលក្នុងស្ថានីយ៍លក់ប្រេងសាវីមិច និងបង្កៃគ្រាប់បែកមួយគ្រាប់ទៀតនៅខាងជើងការ៉ាស់សាំងស្ថិតនៅភូមិបឹងស្នាយសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ពិតប្រាកដមែន។
ជនសង្ស័យបានឆ្លើយបន្តទៀតថា ចំពោះគ្រាប់បែកនេះខ្លួនបានរើសនៅកន្លែងចាក់ទឹកចូលរថយន្ត នៅភូមិព្រែកចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាមរើសបានចំនួន៥គ្រាប់ខ្លួនបានយកទៅបោកត្រីមួយគ្រាប់តែមិនផ្ទុះ និងបានប្រគល់ឱ្យសមត្ថកិច្ចចំនួន២គ្រាប់សល់២គ្រាប់បានយកធ្វើ សកម្មភាពខាងលើ ដែលជាកន្លែងបងប្រុសបង្កើតរបស់ខ្លួនស្នាក់នៅទីនោះ។


សូមបញ្ជាក់ថា ជនសង្ស័យនេះកន្លងមកធ្លាប់ជាប់ពន្ធនាគារខេត្តរយៈពេលជាងមួយឆ្នាំពីបទទទួលផលចោរកម្ម ចំពោះហេតុការណ៍គ្រប់គ្រាប់បែកដៃចូលក្នុងស្ថានីយ៍លក់ប្រេង ដោយសារតែជននេះបានខឹងបងប្រុសបង្កើតរបស់ខ្លួនស្ដីបន្ទោសឲ្យកុំឲ្យដើរលេងជាមួយមនុស្សខូច ហើយប្អូនប្រុសក៏មានគំនុំជាមួយនឹងបងប្រុសរហូតឈានដល់យកគ្រាប់បែកគប់ចូលកន្លែងបងស្នាក់នៅដើម្បីបងដាច់ជីវិត។ តែសំណាងល្អគ្រាប់បែកនេះបានផ្ទុះឡើងបណ្ដាលឱ្យខូចខាតបេតុងជញ្ជាំងនិងកញ្ចក់ចំណែកបងប្រុសនិងប្រពន្ធដែលដេកក្នុងបន្ទប់ជាប់នោះដែរមិនគ្រោះថ្នាក់នោះទេ ។ ចំពោះហេតុការណ៍ដែលបានកើតឡើងគឺជនរងគ្រោះដែលជាបងប្រុសបង្កើតរបស់ជនសង្ស័យស្នើសូមឱ្យសមត្ថកិច្ចចាត់វិធានការប្អូនទៅតាមនីតិវិធីច្បាប់៕
អត្ថបទ៖អាចារ្យលាក់

