ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃចន្ទសប្ដាហ៍នេះ បានប្រកាសបទឈប់បាញ់រយៈពេលបីថ្ងៃ នៅក្នុងសង្គ្រាមជាមួយអ៊ុយក្រែន នាខែក្រោយ ដើម្បីប្រារព្ធខួបលើកទី៨០ នៃជ័យជំនះរបស់សហភាពសូវៀត និងសម្ព័ន្ធមិត្តក្នុងសង្គ្រាមលោកលើកទី២។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥។

វិមានក្រឹមឡាំងបាននិយាយថា «បទឈប់បាញ់រយៈពេល ៧២ម៉ោង នឹងចាប់ផ្តើមពីថ្ងៃទី៨ ខែឧសភា ដល់ចុងថ្ងៃទី១០ ខែឧសភា ហើយរុស្ស៊ី បានអំពាវនាវឱ្យអ៊ុយក្រែនចូលរួមផងដែរ។ ភាគីរុស្ស៊ី ជឿថា ភាគីអ៊ុយក្រែន គួរតែធ្វើតាមគំរូនេះ។ ក្នុងករណីមានការរំលោភបំពានលើបទឈប់បាញ់ដោយភាគីអ៊ុយក្រែន កងកម្លាំងប្រដាប់អាវុធរុស្ស៊ី នឹងផ្តល់ការឆ្លើយតបគ្រប់គ្រាន់ និងមានប្រសិទ្ធភាព»។

វិមានក្រឹមឡាំងក៏បាននិយាយផងដែរថា ប្រទេសរុស្ស៊ី បានប្រកាសជាថ្មីម្តងទៀតនូវការត្រៀមខ្លួនជាស្រេច សម្រាប់កិច្ចចរចាសន្តិភាពដោយគ្មានលក្ខខណ្ឌជាមុន។

យ៉ាងណាម៉ិញ ការប្រកាសបទឈប់បាញ់ដោយឯកតោភាគីលើកទី២ ជាប់ៗគ្នា ដោយលោក ពូទីន បន្ទាប់ពីបទឈប់បាញ់រយៈពេល ៣០ម៉ោង សម្រាប់បុណ្យ Easter កាលពីសប្ដាហ៍មុនបានបរាជ័យដោយមានការចោទប្រកាន់គ្នាទៅវិញទៅមកពីការរំលោភបំពានលើបទឈប់បាញ់។

ទាក់ទិននឹងបញ្ហានេះដែរ កន្លងមកសហរដ្ឋអាមេរិកបាននឹងកំពុងព្យាយាមស្វែងរកបទឈប់បាញ់យូរអង្វែងរវាងទីក្រុងម៉ូស្គូ និងទីក្រុងកៀវ ប៉ុន្ដែបានបរាជ័យ និងគំរាមដកខ្លួនពីកិច្ចប្រឹងប្រែងសន្ដិភាព ទោះបីជាភាគីរុស្ស៊ី នៅតែបង្ហាញការចាប់អារម្មណ៍លើសន្ដិភាពក៏ដោយ។

គួរបញ្ជាក់ថា រុស្ស៊ីបានចាប់ផ្ដើមវាយលុកយ៉ាងខ្លាំងក្លាលើប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ យោងតាមគេហទំព័រព័ត៌មានក្នុងស្រុក Kyiv Independent ដែលដកស្រង់តួលេខពីអង្គការសហប្រជាជាតិ បានឱ្យដឹងថា រយៈពេល ៣ឆ្នាំនៃសង្រ្គាម គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ មានទាហាន និងជនស៊ីវិលទាំងសងខាងត្រូវបានសម្លាប់សរុបចំនួន ១៥៨.៣៤១នាក់៕

ប្រភព៖ CNA

Share.