សេដ្ឋកិច្ចជាតិ៖ កសិករនៅសហគមន៍កសិកម្មទំនើបស្វាយចន្ទីនៅខេត្តកំពង់ធំ សាទរ និងត្រេកអរខ្លាំង ក្រោយចុះកិច្ចព្រមព្រៀងទទួលហិរញ្ញប្បទានឥតសំណងចំនួន ១,១២លានដុល្លារពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា។ នេះបើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលម្អិត។

ជំនួយឥតសំណងពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា គឺជាផ្នែកមួយនៃកម្មវិធីដែលគាំទ្រថវិកាហិរញ្ញប្បទានដោយធនាគារពិភពលោក សម្រាប់ជាទុនបំពេញបន្ថែម៤០%លើការវិនិយោគរបស់សហគមន៍ជាឃ្លាំងស្តុកគ្រាប់ស្វាយចន្ទី ទីលានហាលសម្ងួត គ្រឿងម៉ាសុីន និងឧបករណ៍សម្ភារៈផលិតកម្មនានា រួមទាំងការកសាងផ្លូវលំជនបទប្រវែង១០គីឡូម៉ែត្រជូនដល់សហគមន៍ផងដែរ។

លោក ញូង ធីម ប្រធានសហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង លើកឡើងថា ការចុះកិច្ចព្រមព្រៀងនឹងផ្ដល់អត្ថប្រយោជន៍ ៣ សំខាន់ដល់កសិករដូចជា ទី១-កសិករកាត់បន្ថយការចំណាយធ្វើដំណើរផ្លូវឆ្ងាយ ទី២-កសិករលែងពិបាកចល័តពីចំការមួយទៅចំការមួយ ឬពីភូមិមួយទៅភូមិមួយ និងទី ៣ កសិករក្នុងសហគមន៍អាចប្រមូលស្វាយចន្ទីពេលចុះថ្លៃ មកហាលរួមឱ្យស្ងួតរួចលក់នៅពេលឡើងថ្លៃវិញ។

លោកស្រី សិន ចន្នី ជាកសិករ និងជាសមាជិតសហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង ថ្លែងអារម្មណ័រីករាយនៅពេលដែលគម្រោងគម្រោងពិពិធកម្មកសិកម្មកម្ពុជាបានជួយបង្កើនការលក់គ្រាប់ស្វាយចន្ទីរនៅក្នុងសហគមន៍បានច្រើនជាលំដាប់។

សូមជម្រាបថា ការវិនិយោគពីសំណាក់រាជរដ្ឋាភិបាលនៅលើទីតាំងដែលមានសក្តានុពលសម្រាប់វិស័យកសិកម្ម នឹងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ផង និងដោយប្រយោលផង ដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៃសហគមន៍មូលដ្ឋាននៅក្នុងតំបន់នេះ៕

Share.