ព្រឹត្តិការណ៍​​បាល់ទះ​ពានរង្វាន់​អន្តរជាតិ​ Winstreak Volleyball Invitational Tournament នៅ​កោះ​តៃវ៉ាន់ សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​បញ្ចប់​ទៅ​ហើយ ដោយ​សមាគម​បាល់ទះ ​វិសាខា របស់​កម្ពុជា បាន​ឈរ​ចំណាត់ថ្នាក់​លេខ៤។

ឆ្លងកាត់​ការ​ប្រកួត​​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត លទ្ធផល​បាន​បញ្ជាក់​ឱ្យ​ឃើញ​ពី​សមត្ថភាព​ និង​កម្រិត​របស់​កីឡាករ​យើង​ ដែល​ប្រឈម​មុខ​នឹង​គូ​ប្រកួត​​មាន​កម្រិត​ទាប​ជាង និង​ខ្ពស់​ជាង​យើង ព្រោះ​ថា​​បើ​ធៀប​នឹង​ឆ្នាំ​មុន ​​ក្រុម​ចូលរួម​ប្រកួត​មាន​កម្រិត​ប្រដំប្រសង​គ្នា​ទាំង​អស់ តែ​ក៏​កើត​ចេញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​យើង​ដែរ ប៉ុន្តែ​នៅ​ឆ្នាំ​នេះ​​ មាន​ក្រុម​ខ្លាំងៗ​ចូលរួម​ច្រើន​ ដូចជា ៖ មកពីកូរ៉េខាងត្បូង ថៃ និង​ម្ចាស់​ផ្ទះ​ជាដើម។

ជា​ធម្មជាតិ​នៃ​ការ​គាំទ្រ​ក្រុម​ដែល​ខ្លួន​ស្រលាញ់​​ចូល​ចិត្ត គឺ​គ្រប់គ្នា​ចង់​ឈ្នះ​គ្រប់​ការ​ប្រកួត មិន​ថា​ការ​ប្រកួត​អ្វី​ក៏​ដោយ។ ប៉ុន្តែ​យើង​ក៏​ត្រូវ​ងាក​មក​លើក​ទឹកចិត្ត​ដល់​ក្រុម​ នៅ​ពេល​ដែល​​ពួក​គាត់​បរាជ័យ​ដែរ។ យើង​ស្វាគមន៍​ការ​រិះគន់​​ដើម្បី​ស្ថាបនា ជា​ជាង​រិះគន់​ដើម្បី​បំបាក់​ទឹកចិត្ត។ ជា​ឧទាហរណ៍​ ៖ មាន​​អ្នក​ Comment មួយ​ចំនួន​បាន​ដាក់​សម្ពាធ​លើ​លោក​គ្រូ​បង្វឹក​ថា​ ដាក់​កីឡាករ​នេះ​ មិន​ដាក់​កីឡាករ​នោះ ឱ្យ​ចូល​លេង ប៉ុន្តែ​នៅ​ពេល​ដែល​​ក្រុម​ការងារ​គ្រូ​បង្វឹក​ព្យាយាម​ផ្តល់​ឱកាស​ឱ្យ​​កីឡាករ​ទាំង​អស់​ បាន​ចូល​លេង​ហើយ លទ្ធផល​នៅ​តែ​មិន​គាប់​ប្រសើរ តើ​គួរ​​ងាក​មក​លើក​ទឹក​ចិត្ត​ពួក​គាត់​ បែប​ណា​វិញ?

ពិត​ណាស់​ការ​ប្រកួត​វគ្គពាក់កណ្តាលផ្ដាច់ព័ត្រ ក្រុម​វិសាខា ត្រូវ​ជួប​ក្រុម​ម្ចាស់​ជើង​ឯក​លីគ​បាល់ទះ​ថៃ Nakhon Ratchasima QminC ប៉ុន្តែ​នៅ​តែ​មាន​អ្នក​​បន្ត​វាយ​ប្រហារ​​លើ​លោក​គ្រូ​បង្វឹក​របស់​យើង​ ដែល​មាន​សញ្ជាតិ​ថៃ។ បើ​ក្រឡេក​ទៅ​មើល​ត្រឡប់​ក្រោយ​​​ប្រមាណ​១០​ឆ្នាំ​មុន ក្រុម​ជម្រើស​ជាតិ​​កម្ពុជា ដែល​កំពុង​មាន​ផ្លែផ្កា​នា​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គឺ​សុទ្ធ​តែ​ដុះ​ចេញ​ពី​ដៃ​របស់​លោក​គ្រូ​បង្វឹក Prayooncharn Khomkrich ទាំង​អស់​លើ​ផ្នែក​មូលដ្ឋានគ្រឹះ​និង​បច្ចេកទេស​ជំនាញ។

ម៉្យាង​ទៀត​ជា​ធម្មតា​គ្រូ​បង្វឹក​​ត្រូវ​មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​លទ្ធផល​រួម​នៃ​ការ​ប្រកួត​របស់​ក្រុម ប៉ុន្តែ​លោក​គ្រូ Prayooncharn Khomkrich ទើប​តែ​ត្រឡប់​មក​ដឹកនាំ​នៅ​ប៉ុន្មាន​ខែ​នេះ​ទេ​ ដោយ​ត្រូវ​ការ​ពេល​វេលា និង​សង្កេត​ឃើញ​មាន​ការ​រីកចម្រើន​ខ្លាំង​ ទាំង​ក្រុម​ឈុត​ធំ និង​ឈុត​យុវជន។ យើង​ត្រូវ​ផ្តល់​ឱកាស​និង​លើក​ទឹក​ចិត្ត​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​​​របស់​លោក​គ្រូ ដែល​​បាន​លះបង់​​កម្លាំង​កាយ​ចិត្ត​​ ​ក្ដី​ស្រលាញ់ និង​មនោសញ្ចេតនា ចំពោះ​​ក្លិប​នៅ​ប្រទេស​របស់​យើង។

ករណីមួយទៀត គឺមាន​អ្នក​ព្យាយាម​អូស​ចូល​លើ​បញ្ហា​ជាតិ​និយម ដោយ​ចោទ​ថា «គ្រូ​ថៃ ទើប​ចាញ់​ក្រុម​ថៃ» ប៉ុន្តែ​សម្រាប់​ខ្ញុំ​ផ្ទាល់ នៅ​តែ​ជឿជាក់​លើ​ស្មារតី​ក្រុម ដោយ​គ្មាន​អ្នក​ណា​ចង់​​ប្រកួត​ចាញ់​នោះ​ទេ មិន​ថា​ក្រុម​ការងារ​គ្រូ​បង្វឹក ឬកីឡាករ ទាំង​ដើម្បី​កេរ្តិ៍​ឈ្មោះ​ខ្លួន​ឯង និង​កិត្តិយស​ជូន​ជាតិ​មាតុភូមិ។ ក្លិប​នីមួយៗ​សុទ្ធ​តែ​មាន​ផ្ទៃ​ក្នុង​រៀងៗ​ខ្លួន ហើយ​អ្នក​ដែល​យល់​ច្បាស់​ជាង​គេ​ពី​ស្ថានភាព​របស់​ក្លិប​ខ្លួន​នោះ​គឺ គណៈគ្រប់គ្រង ក្រុម​គ្រូ​បង្វឹក និង​កីឡាករ​ខ្លួន​ឯងផ្ទាល់។ ​

ជា​ទី​បញ្ចប់​ក្នុង​នាម​មហា​គ្រួសារ​បាល់ទះ​កម្ពុជា ខ្ញុំ​​សូម​​អរគុណ​ដល់​​ក្រុម​កីឡាករ ​និង​ប្រតិភូ ដែល​បាន​នាំ​យក​ទង់ជាតិ​កម្ពុជា ចេញទៅ​បង្ហាញ​លើ​ឆាក​អន្តរជាតិ។ សូម​​បងប្អូន​​​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ ដែល​និយម​គាំទ្រ​វិស័យ​បាល់ទះ​​ជាតិ​យើង និង​សូម​មេត្តា​យោគយល់​ ហើយ​​បន្ត​គាំទ្រ លើក​ទឹក​ចិត្ត​កីឡាករ​របស់​យើង ឱ្យ​មាន​ការ​ប្រឹងប្រែង​​ជា​បន្ត​បន្ទាប់​ទៅ​មុខ​ទៀត៕

Share.