មូស្គូ៖ វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃអាទិត្យ ទី៤ ខែឧសភា​ថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងធ្វើទស្សនកិច្ចជាផ្លូវការនៅប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែឧសភា ជាកន្លែងដែលលោកនឹងចូលរួមក្នុងការប្រារព្ធខួបលើកទី៨០ នៃការកម្ចាត់ណាស៊ីអាល្លឺម៉ង់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្ដាញទំនាក់ទំនង Telegram វិមានក្រឹមឡាំងបាននិយាយថា លោក ស៊ី នឹងពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន អំពីការអភិវឌ្ឍន៍ភាពជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេសទាំង២ ក៏ដូចជាការចុះហត្ថលេខាលើឯកសារមួយចំនួនផងដែរ។

វិមានក្រឹមឡាំងបានឱ្យដឹងទៀតថា «ក្នុងអំឡុងនៃកិច្ចពិភាក្សា បញ្ហាចម្បងនៃការអភិវឌ្ឍន៍បន្ថែមទៀតនៃទំនាក់ទំនងភាពជាដៃគូទូលំទូលាយ និងអន្តរកម្មយុទ្ធសាស្ត្រ ក៏ដូចជា បញ្ហាបច្ចុប្បន្ននៅលើរបៀបវារៈអន្តរជាតិ និងតំបន់នឹងត្រូវបានលើកមកពិភាក្សា»។ ទន្ទឹមនោះ មេដឹកនាំជាតិជាច្រើនផ្សេងទៀតត្រូវបានគេរំពឹងថា នឹងចូលរួមការប្រារព្ធពិធីនេះ រួមទាំងប្រធានាធិបតីប្រេស៊ីល និងស៊ែប៊ី និងនាយករដ្ឋមន្ត្រីនៃប្រទេសស្លូវ៉ាគី។

ដើម្បីអបអរសាទរថ្ងៃពិសេសបំផុតមួយនៅក្នុងប្រតិទិនរុស្ស៊ី លោក ពូទីន បានស្នើបទឈប់បាញ់រយៈពេល ៣ថ្ងៃ ជាមួយអ៊ុយក្រែន ជុំវិញការប្រារព្ធពិធីថ្ងៃទី៩ ខែឧសភា​ នេះផងដែរ។

ឆ្លើយតបទៅនឹងការផ្តល់ជូនរបស់ទីក្រុងមូស្គូ អំពីបទឈប់បាញ់រយៈពេល ៣ថ្ងៃ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា លោក បានត្រៀមខ្លួនជាស្រេច ដរាបណាបទឈប់បាញ់មានរយៈពេល ៣០ថ្ងៃ ជាអ្វីដែលលោក ពូទីន បានច្រានចោលក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ដោយនិយាយថា លោកចង់បានដំណោះស្រាយរយៈពេលវែងមិនមែនជាការផ្អាកមួយរយៈខ្លីនោះទេ។

លោក ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែន ដែលបានបន្តសង្រ្គាមជាមួយរុស្ស៊ី មិនអាចធានាសុវត្ថិភាពរបស់ឥស្សរជនបរទេសណា ដែលចូលរួមក្បួនដង្ហែរជ័យជម្នះនាថ្ងៃទី៩ ខែឧសភា នៅទីក្រុងម៉ូស្គូ បានទេ។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA បានដកស្រង់សម្តីលោក ពូទីន នៅក្នុងវីដេអូឯកសាររំលឹកខួប ២៥ឆ្នាំ ចាប់តាំងពីការឡើងកាន់តំណែងជាប្រធានាធិបតីរុស្ស៊ីលើកដំបូងកាលពីថ្ងៃអាទិត្យ ដោយបាននិយាយថា «ទំនាក់ទំនងរបស់រុស្ស៊ី ជាមួយប្រទេសចិនគឺ «ជាយុទ្ធសាស្ត្រពិតប្រាកដនៅក្នុងច្បាប់ធម្មជាតិ ដ៏ស៊ីជម្រៅ ផលប្រយោជន៍ជាតិរបស់យើងគឺស្របគ្នា»។

សូមជម្រាបថា សហភាពសូវៀតបានបាត់បង់មនុស្ស ២៧លាននាក់នៅក្នុងសង្គ្រាមលោកលើកទី២ ប៉ុន្តែបានជំរុញកងកម្លាំងណាស៊ីត្រឡប់ទៅទីក្រុងប៊ែរឡាំង ជាកន្លែងដែលហ៊ីត្លែរ បានធ្វើអត្តឃាត ហើយបដាជ័យជម្នះរបស់សូវៀតពណ៌ក្រហម ត្រូវបានលើកឡើងនៅលើវិមាន Reichstag ក្នុងឆ្នាំ១៩៤៥៕

ប្រភព៖ CNA

Share.