ក្មេងប្រុសជនជាតិម៉ាឡេស៊ី អាយុ ១៦ឆ្នាំម្នាក់ បានឆ្លងជំងឺកាមរោគពីអ្នកបម្រើសេវាកម្មផ្លូវភេទក្នុងប្រទេសថៃទាំងមិនដឹងខ្លួន ក្រោយពីមិត្តភក្ដិបានបបួលឱ្យសាកល្បងអ្វីដែលថ្មី អំឡុងដំណើរកម្សាន្ដជាមួយមិត្តភក្ដិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Mustsharenews។
ពេលត្រឡប់មកផ្ទះវិញ ដោយមានអារម្មណ៍មិនស្រួលក្នុងអង្គជាតិ (ប្រដាប់ភេទ) របស់ខ្លួន ក្មេងប្រុសរូបនេះបានទៅជួបគ្រូពេទ្យ ដើម្បីប្រឹក្សាយោបល់ និងទទួលបានការអប់រំផ្លូវភេទឱ្យបានត្រឹមត្រូវ។

ប៉ុន្ដែអ្វីៗ ហាក់បីដូចជា ហួសពេលទៅហើយពេលបញ្ចប់ដំណើរកម្សាន្ដនៅប្រទេសថៃ ក្មេងប្រុសនោះបានទៅមន្ទីរពេទ្យរោគបុរស ដើម្បីពិនិត្យ និងព្យាបាល បន្ទាប់ពីសង្កេតឃើញថា មានហូរទឹករំអិល និងខ្ទុះចេញពីអង្គជាតិអស់រយៈពេលជាង ១សប្ដាហ៍ទៅហើយ។


នៅពេលពិគ្រោះជំងឺ គ្រូពេទ្យបានសួរក្មេងប្រុសពីប្រវត្តិនៃការរួមភេទ និងឱ្យនិយាយប្រាប់ការពិត បើចង់ដឹងច្បាស់ពីជំងឺ និងទទួលបានការព្យាបាលត្រឹមត្រូវ, ក្មេងប្រុសខាងលើបានសារភាពថា ខ្លួនបានជឿតាមការលួងលោមពីមិត្តភក្ដិ សាកល្បងរកកន្លែងបម្រើសេវាកម្មផ្លូវភេទនៅប្រទេសថៃ។ ក្រោយមកវេជ្ជបណ្ឌិតខាងលើបាន ណែនាំ អប់រំអំពីជីវិត និងការសេពគប់មិត្តភក្ដិ ដោយសង្កត់ធ្ងន់ថា «អ្នកត្រូវតែជ្រើសរើសពេលបង្កើតមិត្ត។ កុំងាយនឹងគេបោកបញ្ឆោតពេក»។


ជាលទ្ធផលក្មេងប្រុសរូបនេះ មានរោគសញ្ញាភាគច្រើនបង្ហាញថា ទំនងជាវិជ្ជមានជំងឺកាមរោគ (STD) ទាំងវ័យក្មេង។ លើសពីនេះវេជ្ជបណ្ឌិត បានចេញថ្នាំឱ្យក្មេងនោះផឹក និង បានណែនាំឱ្យក្មេងប្រុសនេះប្រាប់រឿងរ៉ាវទៅម្ដាយឪពុក កុំឱ្យមានភាពខ្មាស់អៀន។
សូមជម្រាបថា ប្រភេទជំងឺកាមរោគខ្លះអាចព្យាបាលបានដោយថ្នាំ ប៉ុន្តែប្រសិនបើទុកយូរមិនទទួលការព្យាបាលទាន់ពេល វាអាចវិវដ្តទៅជាជំងឺអេដស៍តែម្ដង៕

