ក្លឹបគុនចម្រុះ CN19 បាន​សម្ពោធជាផ្លូវ​ការ​ កាល​ពី​ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥ ដែលស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ពិធីសម្ភោធ​នេះ ដោយមាន​ការ​អញ្ជើញជាគណៈធិតី ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ក្នុងនោះក៏មានការចូលរួមពីលោកអភិបាលក្រុង លោកប្រធានមន្ទីរអង្គភាព រួមទាំងភ្ញៀវជាតិ និងអន្តរជាតិផងដែរ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានចូលរួមអបអរសាទរក្នុងពិធីសម្ពោធក្លឹបគុនចម្រុះ CN19 ជាសក្ខី ភាពបង្ហាញឱ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគមកលើរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាជាប្រមុខដឹកនាំ ដូចនេះហើយដោយក្នុងថ្ងៃនេះក្លឹបគុនចម្រុះ CN19 ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ និងលើកកម្ពស់សេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែទទួលបានភាពទាក់ទាញ និងរីកចម្រើនជាលំដាប់ ហើយបានផ្តល់ការងារជូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ និងមកពីបណ្តាខេត្តផ្សេងៗ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលជាមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា៖ វិស័យកីឡាមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅកម្ពុជា និងសកលលោក ហើយកីឡាទទួលបាននូវការចាប់អារម្មណ៍ និងគាំទ្រកាន់តែច្រើនពីសំណាក់មហាជនគ្រប់ស្រទាប់វណ្ណៈ ដោយមិនគិតពីពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ពីព្រោះព្រឹត្តិការណ៍កីឡាមិនមែនគ្រាន់តែជាការប្រកួតមួយប៉ុណ្ណោះទេ ប៉ុន្តែគឺជាឱកាសសម្រាប់ផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ សង្គមសេដ្ឋកិច្ច និងកេរ្តិ៍ឈ្មោះប្រទេសជាតិ ក៏ដូចជារួមចំណែកដល់ការពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពរវាងគ្នាទៅវិញទៅមក ក្នុងនោះផងដែររាជរដ្ឋាភិបាលបានយកចិត្តទុកដាក់អភិរក្សក្បាច់គុណដែលបុព្វបុរសយើងបានបន្សល់ទុក មានដូចជាក្បាច់គុនល្បុក្កតោ យុទ្ធគុនខម និងគុនខ្មែរជាដើម ដោយជាក់ស្តែងដើម្បីជំរុញការអនុវត្ត«ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន២០២៤» កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។

ឯកឧត្តម បន្ថែម​ទៀតថា៖ ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា បានសហការជាមួយរដ្ឋបាលប្រជាជនខេត្តហឺណាន និងរដ្ឋបាលខេត្តសៀមរាបរៀបចំ«ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍ When Shaolin Meets Bokator At Angkor»នៅបរិវេណខាងជើងប្រាសាទបាយ័ន ក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នា និងរួមជាមួយការសម្តែងរួមគ្នារវាងក្បាច់គុនសៅលីញ និងក្បាច់គុនល្បុកត្តោ ដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើការពង្រឹងគុណភាពវិស័យអប់រំកីឡា រដ្ឋបាលខេត្តព្រះសីហនុ បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេស មន្ទីរអប់រំយុវជន និងកីឡា អភិវឌ្ឍវិស័យអប់រំកាយ និងកីឡាទាំងក្នុងក្របខណ្ឌបច្ចេកទេស និងការអនុវត្ត ដើម្បីពង្រឹងសមត្ថភាពកីឡាករ និងកីឡាការិនីនៅក្នុងខេត្តឱ្យកាន់តែមានថាមពលសម្រាប់ចូលរួមប្រកួតដណ្តើមយកជ័យជម្នះក្នុងការប្រកួតនានា ដោយទន្ទឹមនេះរដ្ឋបាលខេត្ត បានលើកទឹកចិត្តផ្តល់ការឧបត្ថម្ភគាំទ្រគ្រប់រូបភាព ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តគាំទ្រការលេងកីឡា និងការបំពាក់ឧបករណ៍កីឡានៅតាមទីសាធារណៈ ក្នុងគោលបំណងបំផុសទឹកចិត្តប្រជាជនឱ្យស្រឡាញ់កីឡា ចូលចិត្តកីឡា លេងកីឡា និងការហាត់ប្រាណ ដើម្បីពង្រឹងកាយសម្បទា និងទប់ស្កាត់នូវការឈឺថ្កាត់ ជាពិសេសជំងឺទាក់ទងទៅនឹងបេះដូង និងការដាច់សរសៃខួរក្បាល ឬក៏ប្រភេទជំងឺផ្សេងៗទៀតផងដែរ។

ក្នុងនោះដែរឯកឧត្តម អភិបាលខេត្តព្រះសីហនុ ធ្វើការអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាព គ្រឹះស្ថានឯកជន សង្គមស៊ីវិល អង្គការអន្តរជាតិពាក់ព័ន្ធនានាបង្កើនការយកចិត្តទុកដាក់លើកកម្ពស់បំផុសចលនាអប់រំកាយ និងកីឡាក្នុងស្រទាប់ប្រជាជន ជាពិសេសយុវជនឱ្យមានសក្តានុពលគ្របដណ្តប់ទាំងផ្នែកបរិមាណ និងគុណភាព ហើយក្នុងស្មារតីនេះ វិស័យអប់រំកាយ និងកីឡាមិនគ្រាន់តែបានផ្តល់នូវកាយសម្បទារឹងមាំដល់យុវជន យុវនារីរបស់យើងតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើការអប់រំទៅលើផ្លូវចិត្ត និងសីលធម៌ ធ្វើយ៉ាងណាឱ្យពួកគេមានការតស៊ូប្រកបដោយភាពអង់អាចក្លាហាន អំណត់ព្យាយាម និងចេះយោគយល់គ្នា ព្រមទាំងប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ សុចរិតធម៌ជានិច្ច៕

Share.