មូស្គូ​៖ វិមានក្រឹមឡាំងកាលពីថ្ងៃអង្គារ សប្ដាហ៍នេះ (ម៉ោងក្នុងស្រុក) បានច្រានចោលទាំងស្រុងនូវសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាកាសចរណ៍អង្គការសហប្រជាជាតិ (UN) ដែលថា រុស្ស៊ីជាអ្នកទទួលខុសត្រូវចំពោះការធ្លាក់យន្តហោះម៉ាឡេស៊ី MH17 លើអ៊ុយក្រែនក្នុងឆ្នាំ២០១៤ ដែលបានសម្លាប់អ្នកដំណើរ និងអ្នកធ្វើការលើយន្ដហោះទាំងអស់ ២៩៨នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Edge Malaysia នាថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា «ជំហររបស់យើង ត្រូវបានគេស្គាល់យ៉ាងច្បាស់។ អ្នកដឹងថាប្រទេសរុស្ស៊ីមិនមែនជាប្រទេស ដែលបានចូលរួមក្នុងការស៊ើបអង្កេតលើឧប្បត្តិហេតុនេះទេ ដូច្នេះយើងមិនទទួលយកការសន្និដ្ឋានលំអៀងណាមួយឡើយ»។

ទាក់ទិននឹងបញ្ហានេះ ក្រសួង​ការ​បរទេស​រុស្ស៊ី​ បាន​ចេញ​ការច្រានចោល​ចំពោះ​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​អាកាសចរណ៍។ ក្រសួងបានសរសេរនៅលើគេហទំព័ររបស់ខ្លួនថា «ប្រទេសរុស្ស៊ី នឹងមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាទេ។ វាមិនស្របច្បាប់ទេ»។

ក្រសួងបានបន្ថែមថា «ភាគីដែលមានកំហុសដ៏សំខាន់» នៃឧប្បត្តិហេតុឆ្នាំ២០១៤ គឺរដ្ឋាភិបាលអ៊ុយក្រែន នៅទីក្រុង Kyiv ដែលពេលនោះកំពុងប្រយុទ្ធជាមួយពួកបំបែកខ្លួនគាំទ្រដោយរុស្ស៊ី នៅក្នុងតំបន់ Donbas ភាគខាងកើតរបស់ខ្លួន។ ប្រតិបត្តិការ​ទាំង​នោះ​ ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​លេស​មិន​ពិត​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម។

កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ចៅក្រមហូឡង់ បានកាត់ទោសបុរសរុស្ស៊ី ២នាក់ និងបុរសអ៊ុយក្រែនម្នាក់ កំបាំងមុខ ពីបទមនុស្សឃាត ចំពោះតួនាទីរបស់ពួកគេក្នុងការវាយប្រហារបាញ់ទម្លាក់យន្ដហោះ។ គ្រានោះ ទីក្រុងមូស្គូ បានហៅសេចក្តីសម្រេចនេះថាជា «រឿងអាស្រូវ» ហើយបាននិយាយថា ខ្លួននឹងមិនធ្វើបត្យាប័នពលរដ្ឋរបស់ខ្លួនឡើយ។

សូមជម្រាបថា ជើងហោះហើរ MH17 របស់អាកាសចរណ៍ម៉ាឡេស៊ី បានចាកចេញពីទីក្រុង Amsterdam ទៅកាន់ទីក្រុង Kuala Lumpur កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៤ ហើយត្រូវបានបាញ់ទម្លាក់នៅភាគខាងកើតប្រទេសអ៊ុយក្រែន ខណៈដែលការប្រយុទ្ធគ្នាបានផ្ទុះឡើងរវាងក្រុមផ្តាច់ខ្លួនដែលគាំទ្ររុស្ស៊ី និងកងកម្លាំងអ៊ុយក្រែន៕

ប្រភព៖ The Edge Malaysia

Share.