នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពីភាក្សាការងារជាមួយ លោកជំទាវ Tammy Duckworth សមាជិកព្រឹទ្ធសភាសហរដ្ឋអាម៉េរិក ដោយមានការចូលរួមពី លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម កុយ គួង ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាម៉េរិក និងប្រទេសម៉ិចស៊ិចកូ ឆ្លៀតក្នុងឱកាសបំពេញបេសកកម្មការងារចរចាលើកិច្ចព្រមព្រៀងបដិការនៅសហរដ្ឋអាម៉េរិក។

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំចរចាជុំទី១ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និង វិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក ចូលរួមកិច្ចប្រជុំចរចាជុំទី១ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាង កម្ពុជា និងសហរដ្ឋអាម៉េរិក ជាមួយភាគីសហរដ្ឋអាម៉េរិក ដឹកនាំដោយ លោកជំទាវ Sarah Ellerman អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។

ក្នុងកិច្ចប្រជុំចរចាជុំទី១ នេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ដោយត្រង់ទៅត្រង់មកក្នុងបរិយាកាស យោគយល់គ្នា លើការពង្រឹងបន្ថែមនូវទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី និងបានពិភាក្សាស៊ីជម្រៅលើអត្ថបទសេចក្តីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ។ ភាគីទាំងពីរបានឯកភាពគ្នារៀបចំកិច្ចប្រជុំចរចាជុំទី២ នៅសប្តាហ៍ទី១ ខែមិថុនា ឆ្នាំ២០២៥ នៅរដ្ឋធានីវ៉ាស៊ីនតោន។ រាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជា នាយករដ្ឋមន្ត្រី នឹងបន្តធ្វើកិច្ចការងារនេះដោយយកចិត្តទុកដាក់បំផុត។

សូមជម្រាបជំនួបនាឱកាសនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការដែលមានស្រាប់ រវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាម៉េរិក ក៏ដូចជាស្វែងរកកាលានុវត្តភាពថ្មីៗ សំដៅពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ៕

Share.