នៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២៥ នៅខេត្តសៀមរាប អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំកិច្ចប្រជុំចរចាលើកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា (Double Taxation Agreement-DTA) ជុំទី៣ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារាំង។

កិច្ចប្រជុំនេះរួមមាន គណៈប្រតិភូកម្ពុជា ដឹកនាំដោយលោកបណ្ឌិត សេង ជាសិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធ និង សហប្រតិបត្តិការពន្ធដារអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ ចំណែកឯគណៈប្រតិភូនៃសាធារណរដ្ឋបារាំង ដឹកនាំ ដោយលោក Martin KLAM ប្រធាននាយកដ្ឋានកិច្ចការអន្តរជាតិនិងអឺរ៉ុប នៃក្រសួងហិរញ្ញវត្ថុ នៃសាធារណរដ្ឋបារាំង (Director of International and European Affairs)។
លោកបណ្ឌិត សេង ជាសិទ្ធ បានសម្តែងការគួរសម និងបើកកិច្ចប្រជុំចរចា ដោយបានស្វាគមន៍យ៉ាង កក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូនៃសាធារណរដ្ឋបារាំង ដែលបានចូលរួមកិច្ចប្រជុំចរចានេះតាមការអញ្ជើញរបស់ភាគី កម្ពុជា ក៏ដូចជាបានរម្លឹកឡើងវិញនូវសារបាន និងវឌ្ឍនភាពដែលសម្រេចបានពីកិច្ចប្រជុំចរចាកន្លងមក។ បន្ថែមពីលើនេះ លោកបណ្ឌិតប្រធាននាយកដ្ឋាន ក៏បានគូសបញ្ជាក់ផងដែរអំពីឆន្ទៈក្នុងការបញ្ចប់ការចរចាកិច្ចព្រមព្រៀង DTA កម្ពុជា-បារាំង ឱ្យបានឆាប់ផងដែរ។

ជាការឆ្លើយតប លោក Martin KLAM បានសម្តែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ត ពីភាគីកម្ពុជា និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់ភាគីកម្ពុជា ក្នុងការរៀបចំឱ្យមានកិច្ចប្រជុំចរចាកិច្ចព្រមព្រៀង DTA ជុំទី៣ ជាលក្ខណៈរូបវន្តនាពេលនេះ។ លោកក៏បានបន្ថែមទៀតថា លោកមានបំណងចង់ឱ្យការចរចានេះ អាចបញ្ចប់ទៅឱ្យបានឆាប់ តាមដែលអាចធ្វើបានផងដែរ។ បន្ទាប់ពីកិច្ចស្វាគមន៍ត្រូវបានបញ្ចប់ ភាគីទាំងពីរបានចាប់ផ្តើមចរចាទៅតាមរបៀបវារៈដែល បានគ្រោងទុក។
កិច្ចប្រជុំចរចាបានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល និងការយោគយល់គ្នាខ្ពស់ ក្នុងគោលបំណងរួមមួយ គឺការបញ្ចប់កិច្ចចរចាដោយជោគជ័យ។ ជារួម ភាគីទាំងពីរបានពិភាក្សាលម្អិតនិងស៊ីជម្រៅលើគ្រប់មាត្រា និងចំណុចដែលនៅ សេសសល់ទាំងអស់ដែលពុំទាន់បានឯកភាព នៅជុំទី២។

ជាលទ្ធផល ភាគីទាំងពីរបានដោះស្រាយបញ្ហាដែលនៅសេសសល់ ទាំងអស់នៃកិច្ចព្រមព្រៀង ដែលនាំឱ្យការចរចានេះ ត្រូវបានបញ្ចប់ទាំងស្រុងត្រឹមកម្រិតបច្ចេកទេស។ គួរបញ្ជាក់ផងដែរថា បារាំង គឺជារដ្ឋទី១ នៅសហភាពអឺរ៉ុប ដែលកម្ពុជានឹងមានកិច្ចព្រមព្រៀង DTA ជាមួយ៕

