ក្រុមប្រទេសនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) បានព្រមាននាថ្ងៃព្រហស្បតិ៍ នេះថា ការនាំចេញនៅក្នុងតំបន់ស្ទើរតែគ្មានការកើនឡើងនៅឆ្នាំនេះ ចំពេលការចាប់ផ្តើមនៃការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិក ខណៈតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក និងចិនបានជួបប្រជុំគ្នានៅខាងក្រៅកិច្ចប្រជុំនោះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន US News នាថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា ឆ្នាំ២០២៥។

APEC បានព្យាករថា ការនាំចេញក្នុងតំបន់អាចកើនឡើងត្រឹមតែ ០.៤ភាគរយប៉ុណ្ណោះនៅឆ្នាំនេះ បន្ទាប់ពីកើនឡើងដល់កម្រិត ៥.៧ភាគរយ កាលពីឆ្នាំមុន នៅក្នុងរបាយការណ៍វិភាគនិន្នាការក្នុងតំបន់ ដែលប្រកាសក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីពាណិជ្ជកម្ម ឆ្នាំ២០២៥ នៅឯកោះរមណីយដ្ឋាន Jeju ប្រទេសកូរ៉េខាងត្បូង។

APEC ក៏បានកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចក្នុងតំបន់របស់ខ្លួនសម្រាប់ឆ្នាំនេះមកត្រឹម ២.៦% ខណៈកំណើនសេដ្ឋកិច្ចពីមុន ៣.៣%។

សេចក្តីប្រកាសក៏បានគូសបញ្ជាក់ដែរថា «កំណើនពាណិជ្ជកម្ម នឹងធ្លាក់ចុះយ៉ាងខ្លាំងនៅទូទាំង APEC ដោយសារតម្រូវការពីខាងក្រៅមានកម្រិតទាប ជាពិសេសនៅក្នុងការផលិត និងចំពោះទំនិញប្រើប្រាស់ ខណៈដែលការកើនឡើងនូវភាពមិនច្បាស់លាស់ ជុំវិញវិធានការទាក់ទងនឹងពាណិជ្ជកម្ម និងសេវាកម្ម»។

ប្លុក APEC ដែលមានសមាជិកចំនួន២១ បានចាប់ផ្តើមកិច្ចប្រជុំប្រចាំឆ្នាំ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃព្រហស្បតិ៍នេះ ដោយអ្នកតំណាងពាណិជ្ជកម្មនានា នឹងពិភាក្សាគ្នាអំពីពាណិជ្ជកម្មពហុភាគី និងរបៀបវារៈនៃកិច្ចសហប្រតិបត្តិការផ្សេងទៀត រួមទាំងកំណែទម្រង់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ចំពោះមុខបញ្ហាប្រឈមបច្ចុប្បន្ន៕

ប្រភព៖ US News

Share.