ឆ្លើយ​បញ្ជាក់​ជា​មួយ​អង្គភាព​សារព័ត៌មាន​ត្រយង​, អ្នក​នាំ​ពាក្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក​វរសេនីយ៍ឯក សំ វិច្ឆិកា ថា កម្រិត​ជាតិ​អាល់កុល ដែល​មន្ត្រី​នគរបាល​ជំនាញ​បាន​រក​ឃើញ​លើ​ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​មហាវិថី​ព្រះ​នរោត្តម ម្ដុំ​មុខ​ក្រសួង​វប្បធម៌​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ គឺ ០​.​៣៥ មី​លី​ក្រាម ​ក្នុង​មួយ​លីត្រ​ខ្យល់។

លោក​បន្ថែម​ថា ការ​ឆ្លើយតប​ទៅ​នឹង​បណ្ដាញ​សារព័ត៌មាន​កាល​ពី​ម្សិលមិញ (១៥ ឧសភា ២០២៥) ក៏​លោក​បាន​បញ្ជាក់​អំពី​តួលេខ​ខាង​លើ​ផង​ដែរ ប៉ុន្តែ​អាច​នឹង​មាន​អ្នកសារព័ត៌មាន ឬ​អ្នក​សកម្ម​លើ​បណ្ដាញ​សង្គម​មួយ​ចំនួន​មាន​ការ​ភាន់ច្រឡំ ដោយ​ស្ដាប់​ពុំ​បាន​ច្បាស់លាស់​។

សូម​រំឭក​ថា កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី ១៥ ខែ​ឧសភា ឆ្នាំ​២០២៥ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​រថយន្ត Lexus RX 400 បើកបរ​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ដោយ​អ្នកបើកបរ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង បុក​រះ​ទៅ​លើ​អ្នក​ដំណើរ​ផ្សេង​ទៀត​នៅ​លើ​ផ្លូវ​បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់​ម្នាក់ របួស​ធ្ងន់ ២នាក់ និង​របួស​ស្រាល ៣ នាក់​។ តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច ជន​បង្ក​គឺ​ជា​មន្ត្រី​នគរបាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ថ្នាក់​វរសេនីយ៍ឯក (​ស័ក្ដិ៥​)​។

ករណី​នេះ បង្ក​ជា​ការ​ភ្ញាក់ផ្អើល​មិន​ត្រឹម​តែ​នៅ​កន្លែង​កើត​ហេតុ​នោះ​ទេ​, នៅ​លើ​បណ្ដាញ​សង្គម ក៏​ត្រូវ​បាន​គេ​លើក​យក​មក​ជជែក វែកញែក​ជា​ហូរហែ​ផង​ដែរ​។

ទោះជាយ៉ាងណា ករណី​នេះ​ត្រូវ​បាន​អ្នក​នាំ​ពាក្យ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​គូស​បញ្ជាក់​ថា ឧត្ដមសេនីយ៍ឯក​ជួន ណារិន អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ដាក់​បទ​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​កម្លាំង​មាន​សមត្ថកិច្ច កសាង​សំណុំរឿង​នៃ​ជន​បង្ក​ទៅ​កាន់​តុលាការ​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ដោយ​ពុំ​មាន​ការ​លើកលែង​នោះ​ឡើយ​។ ជាមួយគ្នានេះជនបង្កអាចប្រឈមនឹងការបណ្ដេចចេញពីក្របខណ្ឌផងដែរ។

សូមស្ដាប់សំឡេង លោកវរសេនីយ៍ឯក សំ វិច្ឆិកា

សូមជម្រាប​ថា ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក​៖

មត្រា ៨០ បាន​ចែង​ថា ជន​ណា​បើកបរ​បង្ក​ឱ្យ​មាន​របួស​ដល់​អ្នក​ដទៃ​ដោយ​អចេតនា​បណ្ដាល​អសមត្ថភាព​ធ្វើការ ស្មើ ឬ​លើស​ពី​៨​ថ្ងៃ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦ ខែ ទៅ​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​ម៉ឺន ៥​ពាន់​រៀល ទៅ ២​លាន​រៀល​។

មត្រា ៨០​-​៨១ បាន​ចែង​ថា ជន​ណា​បើកបរ​បង្ក​ឱ្យ​អ្នក​ដទៃ​ពិការ​ជា​អចិន្ត្រៃយ៍ ឬ​ជន​ណា​បើកបរ​បង្ក​ឱ្យ​អ្នក​ដទៃ​ស្លាប់ ដោយ​អចេតនា ត្រូវ​ផ្ដន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ​៦​លាន​រៀល​។

ច្បាប់​ក៏​បាន​គូស​បញ្ជាក់​ផង​ដែរ​ថា ត្រូវ​ផ្ដន្ទាទោស​កម្រិត​អតិបរមា ប្រសិន​បើ​អ្នក​បើកបរ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ដោយ​អត្រា​ជាតិ​អាល់កុល​មាន​កម្រិត ០​.​៤០ មិល្លីក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់​។ កម្រិត​អតិបរមា នៃ​ទោស​ក៏​ត្រូវ​អនុវត្ត​ផង​ដែរ ប្រសិន​បើ​គ្រោះថ្នាក់​បណ្ដាល​ឲ្យ​មាន​អ្នក​របួស ឬ​ស្លាប់​ជា​ច្រើន​នាក់​៕

អត្ថបទ៖ ឈិន ធារ៉ាត់

Share.