រដ្ឋហាវ៉ៃ៖ ក្រសួងការពារជាតិ បានចាត់ឲ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ដឹកនាំប្រតិភូចូលរួមសន្និសីទ និងពិព័រណ៌ កងទ័ពជើងគោកប៉ាស៊ីហ្វិក (LANPAC 2025) រយ:ពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នៅរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិកដែលរៀបចំដោយសមាគមនៃកងទ័ពជើងគោកសហរដ្ឋអាមេរិក (AUSA) និង កងទ័ពជើងគោកអាមេរិកប្រចាំប៉ាស៊ីហ្វិក (USARPAC) ក្រោមប្រធានបទ “ជ័យជម្នះដោយកម្លាំងកងទ័ពជើងគោក (PREVAILING THROUGH LANDPOWER)” ។

ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នឹងជួបពិភាក្សាការងារជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ RONALD P. CALRK មេបញ្ជាការកងទ័ពជើងគោកអាមេរិកប្រចាំប៉ាស៊ីហ្វិក , ឯកឧត្តម នាយឧត្តមសេនីយ៍ YASUNORI MORISHITA មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន, ឯកឧត្តម នាយឧត្តមសេនីយ៍ PANA KLAEWPLODTHUK មេបញ្ជាការកងទ័ពជើងគោកថៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក ROY M. GALIDO មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន និង ឯកឧត្តម ឧត្តមសេនីយ៍ត្រី CAI DEXIAN មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី។

ក្នុងជំនួបពិភាក្សាការងារនីមួយៗ សាមភាគីបានពិភាក្សាអំពីសកម្មភាពកិច្ចសហប្រតិបត្តិការ ដែលរួមមាន ការហ្វឹកហ្វឺនបណ្ដុះបណ្ដាល ការពង្រឹងសមត្ថភាព កិច្ចការមនុស្សធម៌ និងសង្រ្គោះគ្រោះមហន្តរាយ (HADR) ក្នុងគោលបំណងលើកកម្ពស់ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសជាមិត្តនៅក្នុងតំបន់។

Share.