តៃប៉ិ៖ ប៉ូលិសបាននិយាយថា រថយន្តមួយគ្រឿងបានបើកបុកហ្វូងមនុស្សដែលភាគច្រើនជាសិស្សនៅខាងក្រៅសាលារៀនមួយកន្លែងក្នុងកោះតៃវ៉ាន់ កាលពីថ្ងៃចន្ទ សប្ដាហ៍នេះ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣នាក់ និងបណ្ដាលឱ្យមនុស្ស ១២នាក់របួស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥។



ហេតុការណ៍នេះ បានកើតឡើងនៅជិតទីក្រុងតៃប៉ិ វេលាម៉ោងប្រហែល ៤នាទីរសៀល នៅពេលដែលរថយន្តមួយគ្រឿង បើកបរដោយបុរសវ័យ ៧៨ឆ្នាំម្នាក់ បើកទៅមុខទាំងភ្លើងស្ដុបពណ៌ក្រហម ហើយបានបុកជាមួយម៉ូតូ ៣គ្រឿង និងកង់មួយគ្រឿង មុនពេលបុកសិស្សសាលា និងមនុស្សម្នាជាច្រើននៅតំបន់នោះ។
នៅក្នុងសេចក្ដីថ្លែងការណ៍ ប៉ូលីសបានឱ្យដឹងថា «មិនដឹងពីមូលហេតុអ្វីទេ ភ្លាមៗរថយន្ដបង្កបានបង្កើនល្បឿនបុកចូលទៅក្រុមមនុស្សតែម្ដង។ យ៉ាងណាម៉ិញ ក្រោយកើតហេតុ មនុស្សចំនួន១៥នាក់ ក្នុងនោះរួមទាំងអ្នកបើកបររថយន្ដផងនោះ ក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យផងដែរ»។



ក្រោយមកមនុស្ស ៣នាក់ ត្រូវបានគេរាយការណ៍ថាស្លាប់ក្នុងមន្ទីរពេទ្យ ក្នុងនោះមានក្មេងស្រីអាយុ ១២ឆ្នាំ ២នាក់ និងស្រ្តីអាយុ ៤០ឆ្នាំម្នាក់។
យោងតាមសេចក្តីថ្លែងការណ៍មួយ ដែលចេញដោយការិយាល័យប្រធានាធិបតកោះតៃវ៉ាន់ បានឱ្យដឹងថា លោក Lai Ching-te បានបង្ហាញភាពតក់ស្លុត និងចូលរួមសោកស្ដាយចំពោះជនរងគ្រោះទាំងអស់។ លោកប្រធានាធិបតី បានទៅសួរសុខទុក្ខជនរងគ្រោះដល់មន្ទីរពេទ្យកាលពីយប់ថ្ងៃចន្ទ នេះ និងបានបញ្ជាឱ្យមានការស៊ើបអង្កេតរកមូលហេតុនៃឧបទ្ទវហេតុនេះឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន»៕

