វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីណ កាលពីថ្ងៃចន្ទ នេះ ហើយបាននិយាយថា រុស្ស៊ី និងអ៊ុយក្រែននឹងចាប់ផ្តើមការចរចាភ្លាមៗ ឆ្ពោះទៅរកបទឈប់បាញ់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥។

វិមានក្រឹមឡាំងបាននិយាយថា ការឈានដល់កិច្ចព្រមព្រៀងមួយនឹងត្រូវការពេលវេលា ហើយលោក ត្រាំ បានបង្ហាញថា លោកមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ការចូលរួមជាមួយអឺរ៉ុបដាក់ទណ្ឌកម្មថ្មី ដើម្បីដាក់សម្ពាធលើទីក្រុងម៉ូស្គូនោះទេ។
នៅក្នុងការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោក ត្រាំ បាននិយាយថា លោកបានបញ្ជូនផែនការទៅឱ្យប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏ដូចជាមេដឹកនាំសហភាពអឺរ៉ុប បារាំង អ៊ីតាលី អាល្លឺម៉ង់ និងហ្វាំងឡង់។

លោក ត្រាំ បាននិយាយថា «រុស្ស៊ី និងអ៊ុយក្រែននឹងចាប់ផ្តើមការចរចាភ្លាមៗ ឆ្ពោះទៅរកបទឈប់បាញ់ ហើយសំខាន់ជាងនេះទៅទៀតនោះគឺ ការបញ្ចប់សង្រ្គាម»។ លោក ត្រាំ បានបន្ថែមថា «លោកយល់ថា ភាពរីកចម្រើនមួយចំនួនកំពុងកើតឡើង»។
បើតាមអធិការបតីអាល្លឺម៉ង់លោក Friedrich Merz បានបង្ហោះនៅក្នុងបណ្ដាញទំនាក់ទំនងសង្គម X កាលពីល្ងាចថ្ងៃចន្ទ នេះ មេដឹកនាំអឺរ៉ុបបានសម្រេចចិត្តបង្កើនការដាក់សម្ពាធលើរុស្ស៊ី តាមរយៈការដាក់ទណ្ឌកម្ម បន្ទាប់ពីលោក ត្រាំ ប្រាប់អំពីការសន្ទនាតាមទូរស័ព្ទជាមួយលោក ពូទីន ។

យ៉ាងណា លោក ត្រាំ ហាក់មិនទាន់បានត្រៀមខ្លួនជាស្រេចដើម្បីធ្វើតាមចំណាត់ការនោះទេ។ នៅពេលគេសួរថា ហេតុអ្វីបានជារូបលោកមិនដាក់ទណ្ឌកម្មថ្មី ដើម្បីជំរុញទីក្រុងមូស្គូចូលទៅក្នុងកិច្ចព្រមព្រៀងសន្តិភាព ដូចដែលលោកបានគំរាមកំហែងនោះ?

ទន្ទឹមនោះ លោក ត្រាំ បានឆ្លើយថា រូបលោកផ្ទាល់គិតថា មានឱកាសធ្វើអ្វីមួយ ហើយប្រសិនបើដាក់ទណ្ឌកម្មក្នុងពេលនេះ វាអាចនឹងធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ទៅៗ។
យ៉ាងណា បន្ទាប់ពីបានសន្ទនាជាមួយលោក ត្រាំ លោក ពូទីន បាននិយាយថា កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាម ជាទូទៅដើរលើផ្លូវត្រូវ ហើយថា ទីក្រុងម៉ូស្គូបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយអ៊ុយក្រែនលើកិច្ចព្រមព្រៀងសន្ដិភាពដ៏មានសក្ដានុពលមួយនាពេលអនាគត៕

