នាពេលថ្មីៗនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជួបពិភាក្សាការងារ និងទទួលទានអាហារថ្ងៃត្រង់ជាមួយលោកជំទាវ Ülkü Kocaefe, ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋតួកគីយ៉េប្រចាំកម្ពុជា និងសហការី នៅរាជធានីភ្នំពេញ ដើម្បីពង្រឹង និងពន្យារពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។

ជំនួបដ៏មានអត្ថន័យសំខាន់នាឱកាសនោះ ដោយបានផ្ដោតលើការផ្លាស់ប្តូរយោបល់សម្រាប់ការសហការដែលមានទិសដៅជាក់លាក់និងសកម្មបំផុតនោះគឺ ការរៀបចំដំណើរហោះហើរត្រង់ និងផ្ទាល់ពីទីក្រុងអ៊ីស្តាន់ប៊ុល មកកាន់រាជធានីភ្នំពេញ ជាលើកដំបូងនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៥ ខាងមុខនេះ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី និងឯកអគ្គរដ្ឋទូតក៏បានពិភាក្សាអំពីការចូលរួមផ្សព្វផ្សាយយុទ្ធនាការរដូវកាលបៃតង (Green Season) របស់កម្ពុជា ដល់ប្រជាជនតួកគីយ៉េ និងបណ្តាប្រទេសម៉ូស្លីម ដោយមានការធ្វើវីដេអូឃ្លីបផ្សព្វផ្សាយរួមគ្នា ដើម្បីជំរុញឱ្យមានការចាប់អារម្មណ៍ និងទាក់ទាញទេសចរជាតិ និងអន្តរជាតិស្របតាមយុទ្ធសាស្ត្រទេសចរណ៍របស់រាជរដ្ឋាភិបាលកម្ពុជា។

ជាក់ស្ដែងនៅក្នុងជំនួបនេះ ក៏បានពិភាក្សាពីផែនការអនុវត្តជាក់ស្តែងនៃកិច្ចពិភាក្សាដែលបានធ្វើឡើងនៅអំឡុងទស្សនកិច្ចការងាររបស់ឯកឧត្តមរដ្ឋមន្រ្តី ទៅកាន់ប្រទេសតួកគីយ៉េ កាលពីខែមេសា ឆ្នាំ ២០២៥ កន្លងមកផងដែរ។
ក្នុងឱកាសនោះ លោកជំទាវ ឯកអគ្គរដ្ឋទូតបានអះអាងថា កិច្ចសហប្រតិបត្តិការមានលទ្ធផលជាក់ស្តែង និងចំណេញទាំងសង្គមនិងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ត្រូវបានកើតឡើងដោយសារ ភាពឈ្លាសវៃ និងចុក្ខវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងការបន្តយុទ្ធសាស្ត្រយ៉ាងសកម្មដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ដោយយោងតាមទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជានិតិកាលទី៧ ការផ្លាស់ប្តូរប្រជាជន និងការបង្កើនចំនួនទេសចរជាគោលដៅសំខាន់ក្នុងការបង្កើនប្រាក់ចំណូល និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។ ការជួបពិភាក្សាលើកនេះបានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់ភាគីទាំងពីរ ចំពោះការជំរុញទេសចរណ៍ទ្វេភាគីយ៉ាងមានប្រសិទ្ធភាព៕

