កីឡាការិនីក្រុមជម្រើសជាតិកម្ពុជា យ៉ុន យ៉ើន និង ហុក សៅឌី បានជួយក្រុម Bangkok FC ដោយបញ្ចប់រដូវកាលនេះ ត្រឹមចំណាត់ថ្នាក់ លេខ៣ ក្នុងចំណោម ៨ក្រុមក្នុងពានរង្វាន់លីគកំពូលនារីថៃ Thai Women’s League រដូវកាលឆ្នាំ២០២៥។

ក្នុងការប្រកួតចុងក្រោយបញ្ចប់រដូវកាល កីឡាការិនី ២រូបរបស់កម្ពុជា បានបង្ហាញខ្លួនក្នុងជម្រើស ១១នាក់ដំបូងនិងជួយ Bangkok FC ឈ្នះ LPGSS Khelang United ក្នុងលទ្ធផល ១១-២ កាលពីថ្ងៃទី២១ ឧសភា ២០២៥។

កួរបញ្ជាក់ថា ពានរង្វាន់លីគកំពូលនារីថៃ Thai Women’s League រដូវកាលឆ្នាំ២០២៥ ម្ចាស់ជើងឯកបានទៅលើក្លិប BEC Asian Scholars រួមជាមួយប្រាក់រង្វាន់ ៦០០,០០០បាត និងទទួលបានមួយកៅអីទៅលេង AFC Women’s Champions League 2025-2026។

គួរដឹងថាកីឡាការិនី យ៉ុន យ៉ើន និងកីឡាការិនី ហុក សៅឌី គឺជាសមាជិករបស់ណាហ្គាវើលដ៍ ដែលត្រូវបានក្លិបបាល់ទាត់ Bangkok Women’s FC របស់ថៃ ខ្ចីជើង កាលពីដើមខែកុម្ភ: ឆ្នាំ២០២៥ កន្លងទៅ៕



