បច្ចុប្បន្ននេះ ការក្លែងបន្លំគឺជា បញ្ហាសកល បណ្ដាប្រទេសមួយចំនួនទូទាំងពិភពលោកកំពុងមានការព្រួយបារម្ភអំពីឧក្រិដ្ឋកម្មឆបោកគ្រប់ទម្រង់។

គេពិបាកក្នុងការសម្គាល់ថា តើប្រទេសណាមានអត្រាអ្នករងគ្រោះច្រើនណាស់ ដោយសារតែវាមិនមានរបាយការណ៍ណាមួយជាក់លាក់នោះទេ។ ជាក់ស្ដែងគេបានរកឃើញថា ទីក្រុង និងប្រទេសចំនួន ៥ នៅអាស៊ីតែងតែលើកឡើងនៅក្នុងការពិភាក្សាអំពីអត្រាក្លែងបន្លំ និងការឆបោកកម្រិតខ្ពស់ ជាពិសេសការឆបោកភ្ញៀវទេសចរពាក់ព័ន្ធនឹងការធ្វើដំណើរ។

តស់! មកយល់ដឹងទាំងអស់គ្នា ផ្អែកតាមរបាយការណ៍ Mastercard បានឱ្យដឹងអំពីហានិភ័យនៃការធ្វើដំណើរនៅតំបន់ពេញនិយមក្នុងទីក្រុងអាស៊ីអាគ្នេយ៍៖

១) ទីក្រុងហាណូយ ប្រទេសវៀតណាម៖ អ្នកធ្វើដំណើរទៅកាន់ទីក្រុងហាណូយ បានរាយការណ៍ពីការក្លែងបន្លំកម្រិតខ្ពស់។ ភ្ញៀវបរទេសភាគច្រើនបានរាយការណ៍ពីការចាញ់បោកក្រោមស្នាដៃអ្នកផ្ដល់សេវាកម្មម្ហូបអាហារ ការកក់សណ្ឋាគារ សេវាកម្មដឹកជញ្ជូន ។ល។

២) ទីក្រុងដាកា ប្រទេសបង់ក្លាដេស៖ ទីក្រុងមួយនេះត្រូវបានគេសម្គាល់ថា មានការក្លែងបន្លំខ្ពស់ជាងគេ។

៣) ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី៖ ការ​ឆបោក​ពាក់ព័ន្ធ​សេវា​តាក់ស៊ី និង​ការ​ជួល​រថយន្ត​ គឺជាបញ្ហាសំខាន់នៅទីក្រុងហ្សាកាតា បើផ្អែកតាមការរាយការណ៍ពីទេសចរបរទេស ៦៦%។

៤) ប្រទេសឥណ្ឌា៖ ប្រទេសនេះត្រូវបានគេសម្គាល់ថា មានការបោកប្រាស់ផ្នែកបច្ចេកវិទ្យា និងសេវាកម្មក្លែងបន្លំផ្សេងៗ។ អ្នកក្លែងបន្លំនឹងទូរស័ព្ទទៅជនរងគ្រោះដោយធ្វើពុតជាអ្នកផ្តល់ជំនួយបច្ចេកទេស និងបញ្ចុះបញ្ចូលគោលដៅពួកគេឱ្យផ្តល់នូវតំណភ្ជាប់នានា ដើម្បីមានសិទ្ធិបញ្ជាពីចម្ងាយ។

៥) ទីក្រុងបាងកក ប្រទេសថៃ៖ បើតាមរបាយការណ៍​ពី Mastercard បាន​បង្ហាញ​ថា នៅ​ទីក្រុង​បាងកក ​សេវាកម្ម​តាក់ស៊ី និង​ជួល​រថយន្ត​មាន​ចំនួន​៤៨% នៃ​ករណី​ឆបោក ដែល​ធ្វើ​ឱ្យប្រទេស​មួយ​នេះ ក្លាយជា​ប្រភព​នៃ​ការ​ឆបោក​ទូទៅ​កម្រិត​ខ្ពស់​បំផុត​ផ្តោត​លើ​ភ្ញៀវ​ទេសចរ​។ លើសពីនេះភ្ញៀវ​បរទេស​ជា​ច្រើន​បាន​រាយការណ៍​ថា ពួក​គេ​ក៏​បាន​ចាញ់បោក​ក្រោម​ស្នាដៃ​អ្នក​ផ្តល់​សេវាកម្ម​ម្ហូបអាហារ​ និងកក់សណ្ឋាគារផង​ដែរ ៕

ប្រភព៖ Google & CNBC

Share.