បន្ទាប់​ពី​ដំណើរការប្រកួតដ៏ស្វិតស្វាញអស់​រយ:ពេល​ជាង ២ខែមក ព្រឹត្តិការណ៍ប្រកួតពាន​រង្វាន់បាល់ទាត់​មិត្ត​ភាពយុវជនអន្ដរក្រសួង-ស្ថាប័ន លើកទី១០ ឆ្នាំ២០២៥ បាន​រក​ឃើញ​ម្ចាស់​ជើង​ឯក​ហើយ គឺ​បាន​ទៅ​លើក្រសួងមហាផ្ទៃ ក្រោយឈ្នះក្រសួងការពារជាតិ ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ នាយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ក្នុងកីឡដ្ឋានកងយោធពលខេមរភូមិន្ទ(ស្តាតចាស់) ។

ក្នុ​ង​ការ​ប្រកួត​ដ៏​ស្វិត​ស្វាញ​ ពេញ​៧០នាទី ក្រុម​ទាំង​២​បាន​ត្រឹម​ស្មើ​គ្នា ១ទល់​និង១ ខណ:​ក្នុងម៉ោងបន្ថែម ១០នាទីពីរដង នៅ​តែមិន​មាន​គ្រាប់​បាល់ស៊ុត​បញ្ចូល​ទីគ្នា និង​សម្រេច​ដោយ​បាល់កាត់​សេចក្ដី​ ១១ម៉ែត្រ បញ្ចប់​ដោយ​លទ្ធផល ៤ទល់និង៣។

ថ្លែង​ក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ “មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន” លើកទី១០ ឆ្នាំ២០២៥ ឯកឧត្តម សុខ សប្បាយណា ប្រធានគណៈកម្មការកីឡាបាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន បាន​មាន​ប្រសាសន៍​ថា៖ ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» គឺជាគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម ហ៊ុន ម៉ានី ក្នុងគោលបំណងបង្កើនស្មារតីសាមគ្គីភាព មិត្តភាព និងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសបំផុសស្មារតីមន្ត្រីរាជការមកពីអង្គភាព/ស្ថាប័នខុសៗគ្នា និងវិជ្ជាជីវៈផ្សេងៗគ្នា ឱ្យស្រលាញ់ ចូលចិត្តលេងកីឡា ដើម្បីសុខភាព ស្របតាមពាក្យស្លោក «កីឡាសាងមនុស្ស ហើយមនុស្សសាងសង្គម» ដែលជាប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម បាន​បន្តថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ “មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន” រៀបចំឡើង​លើកដំបូង នៅឆ្នាំ២០១៣ មានការចូលរួមចំនួន ០៩ ក្រុម ប៉ុណ្ណោះ ខណៈដែលឆ្នាំ២០២៥នេះ គឺមានការចូលរួមរហូតដល់ ៣៥ ក្រុម ដែលនេះជាកំណត់ត្រាថ្មីសម្រាប់ការប្រកួត ក្រោមការណែនាំ និងតម្រង់ទិសដោផ្ទាល់ពីសំណាក់ឯកឧត្តមប្រធាន។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា៖ នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ បើទោះបីភាគីណាមួយទទួលបាននូវលទ្ធផលយ៉ាងណាក៏ដោយ សូមកុំភ្លេចថាពានរង្វាន់នេះសុទ្ធតែជាចំណែករបស់យើងទាំងអស់គ្នាស្មើៗគ្នា។ កីឡាករគ្រប់រូប សុទ្ធតែបានទទួលបាននូវសមិទ្ធិផលសម្រាប់ខ្លួនឯង នោះគឺសាមគ្គីភាព និងមិត្តភាពរវាងគ្នា និងគ្នា ដែលជាមូលដ្ឋានសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសង្គមកម្ពុជានាពេលអនាគត។

ឯកឧត្តម ក៏បានបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការកីឡាបាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន ក្រុមការងារ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់រៀបចំ សម្របសម្រួលការប្រកួត ព្រមទាំងផ្ដល់កិច្ចសហការគាំទ្រយ៉ាងជិតស្និទ្ធរហូតមកដល់វគ្គផ្ដាច់ព្រ័ត្រ។

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានអបអរសាទរដល់ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដែលតំណាងឱ្យកម្ពុជា បានឡើងប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Challenge League កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ហើយទទួលបានជ័យលាភីជើងឯករងផងដែរ។ ឯកឧត្តមបានគូសបញ្ជាក់ថា នេះជាការវិវត្តខ្លួនមួយជំហានទៀត របស់ក្លឹបបាល់ទាត់កម្ពុជាក្នយងវិស័យកីឡាបាល់ទាត់កម្រិតតំបន់ ហើយចំណុចនេះជាអ្វីដែលយើងគួរតែមានមោទនភាព។

ពិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ “មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន” លើកទី១០ ឆ្នាំ២០២៥ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ(ស្តាតចាស់)។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវគណៈកម្មការកីឡាបាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន ឯកឧត្តម លោកជំទាវអនុប្រធាន ស.ស.យ.ក. តំណាងមន្ទីរជំនាញ តំណាងក្រុមហ៊ុនសហការឧបត្ថម្ភ តំណាងក្រសួងស្ថានប័ន រួមទាំងបងប្អូនសាធារណជន និងសិស្ស និស្សិតប្រមាណ ១៥០០នាក់។

ការប្រកួតបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន» លើកទី១០ ឆ្នាំ២០២៥ មានក្រុមតំណាងក្រសួង-ស្ថាប័នចំនួន ៣៥ក្រុមចូលប្រកួត ដោយបានចាប់ផ្ដើមពីថ្ងៃទី០១ ខែមីនា និងបាន​រក​ឃើញ​ម្ចាស់​ជើង​ឯក​នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥នេះ នៅកីឡដ្ឋានស្ដាតចាស់។

សម្រាប់​ចំណាត់ថ្នាក់​ក្រុមទទួល​បាន​ជ័លាភី ក្នុង​ពានរង្វាន់ “មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន” លើកទី១០ ឆ្នាំ២០២៥ មាន៖

  • ម្ចាស់​ជើង​ឯក៖ ក្រសួងមហាផ្ទៃ
  • ជើងឯករង៖ ក្រសួងការពារជាតិ
  • ចំណាត់ថ្នាក់លេខ៣៖ ក្រសួងសុខាភិបាល
  • ចំណាត់​ថ្នាក់​លេខ៤៖ ក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទ

ខាងក្រោម​នេះ​ជា​ប្រវត្តិក្រុម​ចូល​រួម​ប្រកួត​កន្លង​មក៖

លើកទី១៖ ២០១៣ ក្រុមចូលរួមមានចំនួន ៩
លើកទី២៖ ២០១៤ ក្រុមចូលរួមមានចំនួន ២២
លើកទី៣៖ ២០១៥ ក្រុមចូលរួមមានចំនួន ២៥
លើកទី៤៖ ២០១៦ ក្រុមចូលរួមមានចំនួន ២៩
លើកទី៥៖ ២០១៧ ក្រុមចូលរួមមានចំនួន ៣០
លើកទី៦៖ ២០១៨ ក្រុមចូលរួមមានចំនួន ៣១
លើកទី៧៖ ២០១៩ ក្រុមចូលរួមមានចំនួន ៣១
លើកទី៨៖ ២០២២ ក្រុមចូលរួមមានចំនួន ៣១
លើកទី៩៖ ២០២៤ ក្រុមចូលរួមមានចំនួន ៣៤

គួរ​បញ្ជាក់ថា សម្រាប់​ព្រឹត្តិការណ៍ប្រកួតពានរង្វាន់​មិត្ត​ភាពយុវជនអន្ដរក្រសួង-ស្ថាប័ន លើកទី៩ ​ក្រុមក្រសួងអប់រំ យុវជន និងកីឡា បានក្លាយជាម្ចាស់ជើង​ឯក បន្ទាប់ពីប្រកួតដ៏ស្វិតស្វាញអស់​រយ:ពេល​ ៧០នាទី យកឈ្នះក្រុមក្រសួងសុខាភិបាល នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤៕

Share.