រយៈពេល៥ខែ ដើមឆ្នាំ២០២៥ ក្រសួងបរិស្ថានរកឃើញមានក្រុមហ៊ុន និងរោងចក្រ ចំនួន ៣១ ទីតាំងបានបញ្ចេញសំណល់រាវ មិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសបរិស្ថាន ល្មើសនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ មិនបានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងមិនទាន់មានប្រព័ន្ធអាងប្រព្រឹត្តកម្ម សំណល់រាវស្របតាមស្តង់ដារ ដែលធានាលើការបញ្ចេញ សំណល់រាវ ឱ្យស្អាតមុនពេល បញ្ចេញទៅក្រៅ រោងចក្រ និងក្រុមហ៊ុនក្នុងនោះមាន មួយក្រុមហ៊ុនបានអនុវត្តច្បាប់តាមលិខិតបញ្ជាកែប្រែរបស់ក្រសួងបរិស្ថាន បានរួចរាល់ហើយ ខណៈរោងចក្រ និងក្រុមហ៊ុន ចំនួន ១៧ អនុវត្តបានចំនុចមួយចំនួន និងកំពុងស្ថិតក្នុងនីតិវិធីតាមដាន នៃត្រួតពិនិត្យការអនុវត្តច្បាប់ និងបញ្ជាកែប្រែពីក្រសួងបរិស្ថាន ស្របតាមនីតិវិធីច្បាប់ និងកាលបរិច្ឆេទកំណត់។ជាមួយគ្នានេះ រោងចក្រ និងក្រុមហ៊ុនចំនួន ១៣ បាននិងកំពុងរៀបចំឯកសារបញ្ជាកែប្រែ ដាក់ឱ្យអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងបញ្ឈប់ការបញ្ចេញសំណល់រាវ បំពុលដល់ប្រភពទឹកសាធារណៈ។ក្រសួងបរិស្ថាននៅតែអំពាវនាវ យ៉ាងទទូចដល់ម្ចាស់រោងចក្ រនិងក្រុមហ៊ុនទាំងអស់ កុំបញ្ចេញសំណល់រាវ ដោយមិនមានប្រព័ន្ធចម្រោះទឹកកខ្វក់ត្រឹមត្រូវ និងនាំឱ្យប៉ះពាល់ដល់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ ប៉ះពាល់ដល់សុខភាពសាធារណៈ និងបរិស្ថាន និងភាពសុខដុមរមនារបស់មនុស្ស និងធម្មជាតិ ជាពិសេសកិត្តិយសនិងសេចក្តីថ្លៃថ្នូរ របស់រោងចក្រ និងក្រុមហ៊ុននានា ដែលកំពុងអនុវត្តច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

Share.