សិល្បៈជាតិ៖ នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមក្នុងសន្និសីទរដ្ឋមន្ត្រីវប្បធម៌ហ្វ្រង់កូហ្វូនីលើកទី៥ ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៥ នៅទីក្រុងកេប៊ិច ប្រទេសកាណាដា។

សន្និសីទនេះជាវេទិកាសំខាន់សម្រាប់ការជួបជុំរបស់រដ្ឋមន្ត្រីវប្បធម៌ ពីបណ្តាប្រទេសនៃជនជាតិភាសាបារាំង ដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធន៍ ស្តីពីគំនិតរួមនៃការអភិវឌ្ឍន៍នយោបាយវប្បធម៌ក្នុងសម័យឌីជីថល និងការឆ្លើយតបចំពោះបញ្ហាប្រឈមបច្ចុប្បន្ន ដែលកើតមានក្នុងវិស័យវប្បធម៌របស់តំបន់ហ្វ្រង់កូហ្វូនី។

ក្នុងនាមជាតំណាងរាជរដ្ឋាភិបាលកម្ពុជា លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានអញ្ជើញជាវាគ្មិននាយកដ្ឋានក្នុងវេទិកាសាធារណៈ ស្ដីពីប្រធានបទ Affirmer notre souveraineté culturelle : stratégies et outils pour un environnement numérique francophone dynamique et inclusif (ការអះអាងអំពីអធិបតេយ្យភាពវប្បធម៌៖ យុទ្ធសាស្ត្រ និងមធ្យោបាយដើម្បីឱ្យបរិយាកាសឌីជីថលរបស់បណ្តាប្រទេសដែលប្រើប្រាស់ភាសាបារាំងប្រកបដោយភាពស្វាហាប់ និងបរិយាប័ន្ន)។

ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំសន្និសីទនេះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក៏បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកជំទាវ ម៉ាទីន ប៊ីរ៉ុង (Martine Biron) រដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិ និងហ្វ្រង់កូហ្វូនី នៃខេប៊ិច ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ និងសិល្បៈរវាងព្រះរាជាណាចក្រកម្ពុជា និងខេប៊ិច។

សូមជម្រាបថា សន្និសីទលើកទី៥នេះ គឺជាឱកាសក្នុងការពិភាក្សាផ្លាស់ប្តូរយោបល់គ្នាលើបទពិសោធន៍ និងឧត្តមានុវន្តន៍ផ្នែកនយោបាយវប្បធម៌ក្នុងយុគសម័យឌីជីថល និងបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងវិស័យវប្បធម៌នៅតាមបណ្តាប្រទេសដែលប្រើប្រាស់ភាសាបារាំង៕

Share.