
ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបភ្នំពេញក្រោន នៅវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) (ថ្នាក់ជាតិ) នៅលើកទី១៨ ឆ្នាំ២០២៤-២០២៥ នៅថ្ងៃអាទិត្យ ទី២៥ ខែឧសភា ឆ្នាំ២០២៥ ពហុកីឡដ្ឋានជាតិ មរតកតេជោ។
រំលឹកថា ក្រុមទាំង២ ក៏ធ្លាប់បានជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រនេះ ៣លើករួចមកហើយ ដោយនៅឆ្នាំ២០០៨ ភ្នំពេញក្រោន (កាលនោះមានឈ្មោះថា Phnom Penh Empire) បានយកឈ្នះប្រះខ័នរាជស្វាយរៀង ១-០ នៅឆ្នាំ២០២៣-២៤ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះភ្នំពេញក្រោនវិញម្ដង ១-០ នៅវគ្គផ្ដាច់ព្រ័ត្រ។
នេះជាលើកទី៥ ហើយ ដែលភ្នំពេញក្រោន បានឡើងវគ្គផ្ដាច់ព្រ័ត្រក្នុងប្រវត្តិពាន Hun Sen Cup និងធ្លាប់ឈ្នះជើងឯកបាន ២លើក (២០០៨, ២០០៩) ងាកមកព្រះខ័នរាជស្វាយរៀងវិញ បានឡើងមកកាន់វគ្គនេះ ជាលើកទី១០ហើយ សម្រាប់ឆ្នាំនេះ និងធ្លាប់បានឈ្នះជើងឯកបាន ៥លើក (២០១១, ២០១២, ២០១៥, ២០១៧, ២០២៣–២៤)។
សម្រាប់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២៤/២៥ នេះបន្តបែងចែកជា២កម្រិត ដូចឆ្នាំកន្លងទៅដែរ ដោយក្នុងនោះ ទី១) វគ្គប្រកួតជើងឯកថ្នាក់ខេត្ត និងទី២) វគ្គប្រកួតជើងឯកថ្នាក់ជាតិ។ ក្រោយរកឃើញក្រុមជើងឯក និងកូតា ចេញពីការប្រកួតជើងឯកថ្នាក់ខេត្ត។
ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (18th Hun Sen Cup) ជើងឯកថ្នាក់ខេត្ត ឆ្នាំ២០២៤-២៥នេះ បានទៅលើក្រុមមន្ទីរ អយក ខេត្តត្បូងឃ្មុំ។ ខណ:ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣/២៤ កន្លងទៅ បានទៅលើក្លិបាបល់ទាត់ព្រះខ័នរាជស្វាយរៀង។
ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (18th Hun Sen Cup) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៧ ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ដោយព្រះខ័នរាជស្វាយរៀង ឈ្នះជើងឯកបានច្រើនជាងគេ ៥លើក ក្រសួងការពារជាតិ បាន ៣លើក វិសាខា បាន ៣លើក ភ្នំពេញក្រោន បាន ២លើក ខណ:ណាហ្គាវើលដ៍ ក្រសួងមហាផ្ទៃ បឹងកេត និងខេមរកីឡា ឈ្នះបាន ១លើកដូចគ្នា៕



