កំពង់ធំ÷ នៅថ្ងៃចុងសប្តាហ៏នេះ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានដឹកនាំអាជ្ញាធរឃុំនិងក្រុមការងារចុះពិនិត្យជាក់ស្តែងស្ថានភាពស្រូវរបស់កសិករនៅឃុំចំនួនបី.ក្នុងនោះមានឃុំពង្រ ឃុំទ្រៀល ឃុំស្រឡៅ ស្រុកតាំងគោក ដែលកំពុងត្រូវការទឹកស្រោចស្រពប្រមាណ ១.២១៦ហិកតា រងចាំទឹកភ្លៀងព្រោះថាមិនមានប្រភពស្រោចស្រព។




នាឱកាសនោះ លោកអភិបាលស្រុក បានជំរុញដល់មន្ត្រីជំនាញពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ចុះសិក្សាស្វែងយល់ដល់មូលដ្ឋានដោយពិនិត្យមើលស្ថានភាព លទ្ធភាពជាក់ស្ដែងនូវរាល់ប្រភពទឹក ដើម្បីធ្វើយ៉ាងណាជួយអន្តរាគមន៍ បូម ឬបញ្ជូនទឹកបញ្ចូលស្រែ ជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋ ដែលប្រឈមនឹងការខូចខាត ដោយសារខ្វះទឹក គឺមិនត្រូវទុកឲ្យមានការខូចខាត ដោយមិនបានជួយពួកគាត់ឲ្យអស់លទ្ធភាព ដែលមាននោះ។









សូមបញ្ជាក់ថា តាមរបាយការណ៍ គិតត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ ដំណាំស្រូវរបស់ប្រជាពលរដ្ឋក្នុងស្រុកតាំងគោកប្រភេទ IR សែនក្រអូប OM ដែលត្រូវការទឹកស្រោចស្រព ចំនួនប្រមាណ ១.២១៦ហិកតា (រងចាំទឹកភ្លៀង ត្បិតមិនមានប្រភពស្រោចស្រព) នៅឃុំទ្រៀល និងឃុំស្រឡៅនិងឃុំពង្រ។ កង្វះទឹកទាំងនេះបានធ្វើឱ្យបង្អាក់ការលូតលាស់របស់ដំណាំស្រូវ និងបន្ថយទិន្នផលដំណាំស្រូវ ក្នុងនោះស្រូវដែលបានបែកហេីយមានចំនួន ១១៦ហិកតា ហើយប្រឈមនឹងសត្វកណ្ដុរកាត់ទៀត) ស្រូវដែលមានអាយុ ១ខែឡើងមានចំនួន ១.១០០ហិកតា។
អត្ថបទ÷កំពង់ធំ
